ព័ត៌មានជាតិ

រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ព្រៃវែងៈ បុរសម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្តកៃច្នៃមួយគ្រឿងបុកពេញទំហឹងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ11 ក្នុងចន្លោះបង្គោលគីឡូលេខ 34,35 ភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តកែច្នៃ ពណ៌ ស្លែ គ្មានស្លាកលេខ និងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា មកដល់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាពេញទំហឹងតែម្ដង ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកគុម្ពឫស្សី ដែលមានចម្ងាយពីកន្លែងកើតហេតុ៦០ម៉ែត្រទៅមុខលែងរួច។ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។

អ្នករងគ្រោះទាំងពីរនាក់ ទី១.ឈ្មោះ សេង ដារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិលេខ6សង្កាត់កំពង់លាវ ខេត្តព្រៃវែង បានស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង។ ទី២.ឈ្មោះ លឹម ចន្ធូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយពកឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម។

ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍អូសយកមករក្សាទុកនៅប៉ុស្តិ៍តាកោ ដើម្បីកសាងសំណុំរឿងចាត់ការនៅពេលក្រោយ៕

មតិយោបល់