ព័ត៌មានបច្ចេកវិទ្យា

LG ប្រកាសចេញទូរទស្សន៍បំពាក់បច្ចេកវិជ្ជាអេក្រង់ពណ៌ថ្មី មុនដំបូងគេលើលោក

ក្រុមហ៊ុន LG បានប្រកាសចេញ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ នូវសែស្រឡាយទូរទស្សន៍បំពាក់អេក្រង់ប្រភេទ Super UHD ជំនាន់ទី ៣ ប្រើប្រាស់បច្ចេកវិជ្ជាអេក្រង់ពណ៌ជំនាន់ថ្មី ដែលទំនើបបំផុត មុនគេបំផុត និងមិនធ្លាប់មានពីមុន ហើយវាមានឈ្មោះថា Nano Cell LCD។

តាមការឱ្យដឹងពីក្រុមហ៊ុន បច្ចេកវិជ្ជាអេក្រង់ថ្មីនេះ អាចផ្តល់នូវកម្រិតគុណភាពរូប និងពណ៌លើផ្ទៃអេក្រង់របស់ទូរទស្សន៍បានកាន់តែប្រណិត កាន់តែលម្អិត និងកាន់តែសុក្រិត ហើយថែមទាំងអាចឱ្យអ្នកទស្សនាមើលឃើញរូបភាពលើផ្ទៃអេក្រង់ពីចំហៀងក្នុងមុំ ៦០ ដឺក្រេ បានច្បាស់ល្អដូចអ្នកដែលមើលចំពីមុខអេក្រង់ទូរទស្សន៍ផងដែរ។

ទូរទស្សន៍ LG ស៊េរីថ្មីនេះ មានជម្រើស ៣ ម៉ូដែល គឺ SJ9500, SJ8500, និង SJ8000 ហើយម៉ូដែលនីមួយៗ គឺសុទ្ធតែដំណើរការលើប្រព័ន្ធប្រតិបត្តិការ WebOS 3.5 និងគាំទ្របច្ចេកវិជ្ជា Dolby Vision, HDR10, និង Hybrid Log Gamma ព្រមទាំងបច្ចេកវិជ្ជា Advanced HDR របស់ក្រុមហ៊ុន Technicolor ហើយវាក៏មានមុខងារបង្កើនគុណភាពរូបភាព HDR តាមរយៈការធ្វើឱ្យប្រសើរឡើងនូវពន្លឺ និងភាពដិតនៃរូបភាពពីមួយប៉ុស្តិ៍ទៅមួយប៉ុស្តិ៍ផងដែរ។

ដោយឡែក ចំពោះតម្លៃ និងព័ត៌មានលម្អិតបន្ថែមពីនេះ នឹងប្រកាសឱ្យដឹងនៅពេលក្រោយ នៅឯព្រឹត្តិការណ៍ពិព័រណ៍ CES 2017 ក្នុងទីក្រុង Las Vegas ពីថ្ងៃទី ៣-៨ ខែមករា៕

ប្រភពព័ត៌មាន៖ techspot

មតិយោបល់