ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានឆ្មក់ចូលបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដែលឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់ នៅក្នុងផ្សារតាប៊ុន កាលពីវេលាម៉ោង១រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀន បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ ដោយសារតែសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ក្នុងផ្សារតាប៊ុន ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ព្រមទាំងបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។
លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យទាំង៤នាក់នេះ ទី១-ឈ្មោះ ហេង លឹមហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ប្រើប្រាស់គ្រឿងញៀន) ទី២-ឈ្មោះ លឹម ហេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (ប្រើប្រាស់គ្រឿងញៀន), ទី៣-ឈ្មោះ ហង់ សុខអ៊ីម ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ចល័ត (ជួញដូរ និងចែកចាយគ្រឿងញៀន) និងទី៤-ឈ្មោះ ស៊ឹម ស៊ីណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (ប្រើប្រាស់គ្រឿងញៀន)។
ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានជួញដូរ និងចែកចាយគ្រឿងញៀន ពិតប្រាកដមែន ដោយរូបខ្លួនលក់ក្នុងមួយកញ្ចប់ ២៥០០០រៀល ដោយក្នុងមួយកញ្ចប់ចំណេញបាន ២០០០រៀល។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/pJmBBOkLELw










មតិយោបល់