ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនជាតិកូរ៉េម្នាក់ជានាយកក្រុមហ៊ុន ពាក់ព័ន្ធបទល្មើសធ្វើឲ្យខូចខាតដោយចេតនា

កណ្តាលៈ បុរសជនជាតិកូរ៉េម្នាក់ ជានាយកក្រុមហ៊ុនមួយ ត្រូវបានលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរបទល្មើស”ធ្វើឱ្យខូចខាតដោយចេតនា”។

ប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា ជនត្រូវចោទរូបនេះឈ្មោះ YOO DO JOUNG ហៅ ជីណូ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនាយកក្រុមហ៊ុន មានទីលំនៅមុនចាប់ខ្លួនផ្ទះលេខ 21B ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពព័ត៌មាន បន្តថា ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ ពាក់ព័ន្ធបទល្មើស”ធ្វើឱ្យខូចខាតដោយចេតនា”តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ ។

មុនពេលបញ្ជូនមកតុលាការ ជនត្រូវចោទ YOO DO JOUNG ហៅ ជីណូ ត្រូវបានផ្ញើនៅពន្ធនាគារមួយយប់ ទើបនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា បញ្ជូនមកតុលាការ ។ ពេលបញ្ជូនមកតុលាការ ជនត្រូវចោទ YOO DO JOUNG ហៅ ជីណូ ត្រូវបានសាកសួរដោយផ្ទាល់ពីលោក ហុក វ៉ាន់ធីណា ។ ក្រោយបញ្ចប់ការសាកសួរ លោកហុក វ៉ាន់ធីណា សម្រេចចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទ តាមរយៈដីកាលេខ២៩៣៥ ដកបឃន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានសំណុំរឿងព្រហ្មទណ្ឌលេខ1053 អក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។

ព័ត៌មានលម្អិតជុំវិញរឿងក្តីនាយកក្រុមហ៊ុន ធ្វើឱ្យខូចខាតដោយចេតនា នេះ ពុំទាន់រកប្រភពព័ត៌មានបញ្ជាក់ ដើម្បីបានពិស្តារនៅឡើយទេ៕

មតិយោបល់