ភ្នំពេញៈ បុរសម្នាក់បានធ្វើសកម្មភាពលួចទូរសព្ទដៃមួយគ្រឿង របស់ប្រជាការពារភូមិបានសម្រេច រួចយកទៅបញ្ចាំបានលុយចំនួន១៥ដុល្លារ ត្រូវម្ចាស់ទូរសព្ទតាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីធ្វើការសាកសួរនិងអប់រំ។
ហេតុការណ៍នេះបានធ្វើឡើង កាលពីវេលាម៉ោង៧ និង៥០នាទី ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងភូមិព្រៃព្រីខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលជាជនសង្ស័យខាងលើមានឈ្មោះ ណៃ រចនាវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិលាក់ជា ឃុំព្រៃក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើងនោះ។ ដោយឡែកទូរសព្ទម៉ាកដែលបុរសខាងលើលួចយកទៅដាក់បញ្ចាំនោះ ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ពក មុខរបរជាប្រជាការពារភូមិព្រៃព្រីងខាងជើង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៤ ខែមករា ប្រជាការពារភូមិបានយាមភូមិរបស់ខ្លួន ប៉ុន្តែដោយងងុយដេកក៏បានដេកនៅក្នុងសាលាឆទានក្នុងភូមិនោះ បន្ទាប់មកក៏ត្រូវបានជនសង្ស័យខាងលើ លួចយកទូរសព្ទទៅបាត់។ លុះព្រឹកឡើងជនសង្ស័យខាងលើបានយកទៅដាក់បញ្ចាំ នៅកន្លែងលក់និងទិញទូរស័ព្ទមួយ កន្លែងក្នុងតម្លៃ១៥ដុល្លារ ហើយត្រូវបានម្ចាស់តាមរកឃើញ ក៏បានចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ អប់រំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាធម្មតា៕
https://youtu.be/d4MpfxC7RDU
មតិយោបល់