ភ្នំពេញៈ ក្រោយពីជនជាប់ចោទរង់ចាំចៅក្រមអស់រាប់ម៉ោងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ កែវ កាន់ឡៃយ៉ា អាំផាវ៉ាន់ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យ៦០លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុជាតិ ប្រភេទកាកូអ៊ីន ចំនួន២,៥៩៤.៥១ក្រាម មានសារធាតុសុទ្ធសរុប៧៣,៣៨ភាគរយ ប្រព្រឹត្តនៅអាកាសយានដ្ឋានភ្នំពេញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ជនជាប់ចោទបានបដិសេធថា នាងមិនបានដឹងថា នៅក្នុងប្រអប់នំសូកូឡា និងប្រអប់ស្រាវីស្គី ដែលសង្សារនាងឱ្យយកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម មកឱ្យគេនៅកម្ពុជានោះ ជាគ្រឿងញៀននោះទេ។ នាងបន្តថា សង្សាររបស់នាង បានប្រាប់ឱ្យយកនំសូកូឡា និងស្រាវីស្គី ទាំងអស់នោះឱ្យអ្នកនៅប្រទេសកម្ពុជា ពេលដល់អាកាសយានដ្ឋានគេនឹងមកទទួល ប៉ុន្តែមិនទាន់បានប្រគល់ឱ្យផងក៏ត្រូវសមត្ថកិចឃាត់ខ្លួនតែម្តង៕
https://youtu.be/7dvMr_9TID0
មតិយោបល់