សៀមរាប៖បន្ទាប់ពីកម្លាំងនគរបាលខេត្តសៀមរាបបានបំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្សចំនួន៣នាក់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាបបានដោយជោគជ័យរួចមកនាល្ងាចថ្ងៃទី០៥ខែមករាឆ្នាំ២០១៧នេះសមត្ថកិច្ចបានប្រមូលសំណុំរឿងនិងធ្វើសន្និសិទកាសែតដើម្បីឲ្យមហាជនទូទៅបានដឹង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតនោះ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តសៀមរាបបានថ្លែងថា៖ ក្រោមការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ សត ណាឌីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបំបែកករណីឃាតកម្មក្នុងបន្ទប់ជួលបណ្តាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ កាលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។លោកបន្តថា៖លោកសូមថ្លែងអំណរគុណចំពោះកម្លាំងនគរបាលនៅតាមបណ្តាខេត្តមួយចំនួនដែលបានចូលរួមសហការយ៉ាងល្អជាមួយកម្លាំងនគរបាលខេត្តសៀមរាប។
លោកស្នងការរងបន្តថា៖សាច់រឿងតាមការសួរចម្លើយរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ករណីនេះគឺផ្តើមចេញពីរឿងគំនុំដោយសារជនរងគ្រោះទាំងបីនាក់ដែលធ្វើការនៅក្រុមហ៊ុនអាហារបំប៉ននោះបានបោកគាត់ឲ្យយកលុយមកបង់ឲ្យខ្លួនចំនួនមួយពាន់ដុល្លារដោយសន្យាថាឲ្យមុខដំណែងជាប្រធានផ្នែក។តែដោយការសន្យាហើយធ្វើមិនបានទើបជនសង្ស័យសម្លាប់តែម្តងឆ្លៀតពេលជនរងគ្រោះកំពុងដេកលង់លក់។លុះស្លាប់រួចហើយជនសង្ស័យបានជិះម៉ូតូមកភ្នំពេញតែនៅតាមផ្លូវគេបានបោះចោលកាបូបមួយដែលមានកាំបិតនិងខោអាវរីឯទូស័ព្ទគឺគេដើរលក់តាមហាងមួយចំនួនក្នុងខេត្តកំពង់ធំ។
រួចហើយបន្តដំណើរតាមខេត្តជាប់បឹងទន្លេសាបរហូតវង់មួយជុំខណះសមត្ថកិច្ចនគរបាលក្រុងដឹកនាំដោយលោកវរសេនីយ៍ត្រីនួនសក្តិ័ចំរើនរិទ្ធអធិការរងទទួលបន្ទុនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបដោយមានការសហការជាមួយកម្លាំងនគរបាលតាមបណ្តារខេត្តនឹងតាមស្ទាក់ចាប់បាននៅក្នុងស្រុកជីក្រែងតែម្តង។ឃាតក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួលនោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាននោះមានឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
សូមរម្លឹកថា៖ ជនរងគ្រោះ៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ.ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុការណ៍ឃាតកម្មនេះបណ្ដាលឲ្យជនរងគ្រោះ២នាក់ដេកស្លាប់ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់