ភ្នំពេញៈ រថយន្តម៉ាកCRV មួយគ្រឿងបើកបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យដួល ហើយមិនទទួលខុសត្រូវ បែរជាព្យាយាមរត់គេច ត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ជិត៤០ម៉ូតូ បើកដេញតាមរថយន្តខាងលើ រហូតស្ទាក់ចាប់បាននៅក្បែរស្ថាននីយ៍ប្រេងឥន្ទនៈ ត្រង់ស្ពានក្បាលថ្នល់ រហូតឈានទៅដល់ វាយរថយន្តបង្កខាងលើ បំបែកកញ្ចក់ខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២៧១ ជាប់គល់ស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលវាយកម្ទេចរថយន្តបង្កខាងលើ គេបានឃើញរថយន្តមួយគ្រឿងម៉ាក CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-6958 ដោយគេដឹងថារថយន្តមួយគ្រឿងនេះ បានបើកក្នុងល្បឿនលឿន ទៅបុកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ជិះគ្នា៣នាក់ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ចំណែកម៉ូតូជនរងគ្រោះជាប់ក្រោមរថយន្ត ត្រូវរថយន្តបង្កបើកអូសរហូតដល់ក្បែរស្ថានីយ៍ប្រេងឥន្ទនៈ ត្រង់ស្ពានអាកាសក្បាលថ្នល់ រួចត្រូវបានប្រជាពលរដ្ឋ បើកម៉ូតូដេញតាមជាង៤០ម៉ូតូ រហូតស្ទាក់បាន រួចស្វាគមន៍យ៉ាងចាស់ដៃ ដោយវាយបំបែកកញ្ចក់រថយន្តបង្កនោះ ព្រោះតែខឹងនឹងការមិនទទួលខុសត្រូវ ព្រមទាំងវាយម្ចាស់រថយន្តរហូតដល់ប៉ោងមុខមាត់ផងដែរ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមនីតិវិធីច្បាប់៕
https://youtu.be/_H1LtyQ7MVg
មតិយោបល់