ព័ត៌មានជាតិ

ចោរលួចកាច់សោ.កម៉ូតូ២នាក់ ត្រូវសមត្ថកិច្ចក្របួចបាន!…

ភ្នំពេញៈ កម្លាំងល្បាតខណ្ឌសែនសុខ ក្របួចបានចោរកាច់សោ.កម៉ូតូចំនួន២នាក់ ដែលកំពុងធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាកស្មាស់វីរបស់ប្រជាពលរដ្ឋជាក់ស្តែង កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំផ្សារសឡា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមមន្ត្រីប៉ូលិស ដែលល្បាតពេលយប់ បានឲ្យដឹងថា កម្លាំងរបស់លោកបានល្បាតក្នុងទឹកដីខណ្ឌសែនសុខដូចសព្វដង លុះមកដល់ម្តុំផ្សារសឡា ក៏បានជួបជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពគួរឲ្យសង្ស័យ រួចក៏ស្រែកសួរ ស្រាប់តែជនសង្ស័យទាំង៣នាក់នោះរត់តែម្តង។ ដោយមានការសង្ស័យ កម្លាំងល្បាតបានប្រដេញតាមឃាត់ខ្លួនបានចំនួន២នាក់ ដកហូតបានដែកឆាបមុខបីចំនួន១ដើម, សោសម្រាប់ចាក់ម៉ូតូ ជាច្រើនគ្រាប់ រួមជាមួយម៉ូតូម៉ាក MSX មួយគ្រឿង។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

ក្រោយពីការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលសែនសុខ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

https://youtu.be/rSNRxq3_bos

មតិយោបល់