ព័ត៌មានជាតិ

អាវុធហត្ថចាប់ខ្លួនសង្ឃ២អង្គ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

កណ្តាល: កម្លាំងអាវុធហត្ថស្រុកស្អាង ធ្វើការចាប់ខ្លួនសង្ឃ២អង្គ ដែលគង់នៅវត្តព្រះសីហនុរាជឈូងលាភ ដើម្បីផ្សឹកនិងចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីរកឃើញថា សង្ឃ២អង្គខាងលើនេះ មានការជាប់ពាក់ពន្ធ័នឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៥១នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងវត្តព្រះសីហនុរាជ ឈូងលាភ ស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ដែលអាវុធហត្ថចាប់ខ្លួនខាងលើ ទី១មានឈ្មោះ ខឹម ខេមរ: ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ ឈុន រិទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ អ្នកទាំង២ ជាអតីតជាព្រះសង្ឃគង់ក្នុងវត្តព្រះសីហនុរាជឈូងលាភ បានផ្សឹក និងឃាត់ខ្លួន។

ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៦កញ្ចប់តូច និងទូរសព្ទដៃចំនួន៣គ្រឿងផងដែរ។

មុននឹងឈានដល់ការចាប់ខ្លួនខាងលើ កម្លាំងអាវុធហត្ថស្រុក បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហតុ ថាមានការជួញដូរគ្រឿងញៀន ភ្លាមនោះកម្លាំង អាវុធហត្ថស្រុក បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ជាក់ស្តែងឃើញព្រះសង្ឃចំនួន២អង្គ ទើបសម្រេចធ្វើការឃាត់ដើម្បីឆែកឆេរត្រួតពិនិត្យ ស្រាប់តែរកឃើញគ្រឿងញៀនចំនួន៦កញ្ចប់តូច ក្តាប់នៅដៃអតីតសង្ឃឈ្មោះ ខឹម ខេមរ: ជាមួយសង្ឃឈ្មោះ ឈុន វុទ្ធី ។ចំណែកឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការមូលដ្ឋានកងរាជងអាវុធហត្ថស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់