ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុកពីក្រោយពេញទំហឹង ស្លាប់ក្នុងថ្លុកឈាម

បន្ទាយមានជ័យ: បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូត្រូវរថយន្តបុកពីក្រោយពេញទំហឹង។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង​៣និង១០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ06 ត្រង់ចំណុចស្ពានរហាល ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យ​ដឹងថា រថយន្ដបង្កម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2489 បុកជាមួយ​ម៉ូតូ១គ្រឿងម៉ាកហុងដា C125 ស៊េរី2002 ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អឿ កៅ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យ​ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានឲ្យ​ដឹងទៀតថា ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្ដ និងម៉ូតូនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់