ព័ត៌មានជាតិ

ខឹងប្រពន្ធជេរស្ដីនៅចំពោះមុខមិត្ដភក្ដិ ទាញទំពួកគប់គំរាម តែបែរជាត្រូវឪពុកបែកចិញ្ចើម

កណ្ដាល: កាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល
បុរសម្នាក់ព្រោះតែខឹងនឹងប្រពន្ធខ្លួនជេរស្ដីនៅចំពោះមុខមិត្ដភក្ដិ ខណ:កំពុងផឹកស៊ីក៏យកទំពួករនាស់គប់បញ្ចេញកំហឹង គំរាមប្រពន្ធ តែបែរជាត្រូវចំឪពុកបង្កើតរបស់ខ្លួន បណ្ដាលឲ្យរងរបួសបែកចិញ្ចើម ចុងក្រោយត្រូវនគរបាលស្រុកមុខកំពូលធ្វើការចាប់ខ្លួន ។

ជនរងគ្រោះឈ្មោះ បួន សុផល ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ឪពុកបង្កើតជនសង្ស័យ) ។
ជនសង្ស័យឈ្មោះ បួន ផល្លី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (កូនបង្កើតជនរងគ្រោះ) ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

វត្ថុតាងដកហូតបានមាន៖
-ទំពួករនាស់ធ្វើអំពីឬស្សីចំនួន១ ប្រវែង០,៦០ ម ទំហំ ០, ៧០ ស.ម។

ដំណើររឿង៖ នៅថ្ងៃកើតហេតុជនសង្ស័យ ទិញស្រាយកមកផឹក ជាមួយបក្ខពួករបស់ខ្លួន នៅក្រោយផ្ទះរបស់ជនរងគ្រោះ លុះផឹកអស់ស្រាថ្នាំចំនួនកន្លះលីត្រ ប្រពន្ធជនសង្ស័យបានមកជេរស្តីបន្ទោស ឲ្យជនសង្ស័យនៅចំពោះមុខបក្ខពួក ភ្លាមនោះក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជនសង្ស័យវិញ ក៏ដើរចូលផ្ទះឈ្លោះក្រកែកជាមួយប្រពន្ធ ភ្លាមនោះជនសង្ស័យ ក៏បានយកទំពួករនាស់គប់គំរាមប្រពន្ធ ប៉ុន្តែស្របពេលជាមួយគ្នានោះ ឪពុកជនសង្ស័យបានដើរមកដល់ល្មម បណ្តាលឲ្យត្រូវចំលើចុងចិញ្ចើមខាងស្តាំ បែកហូរឈាមតែម្ដង ។

មូលហេតុ៖ ខឹងប្រពន្ធជេរស្តីបន្ទោសនៅចំពោះមុខមិត្តភក្ដិ ។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់