ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីចែកចាយថ្នាំញៀន ឃាត់ខ្លួនមនុស្សចំនួន៣នាក់

កំពត: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពត សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកកំពង់ត្រាច ធ្វើការចាប់ខ្លួន ពីបទចែកចាយនូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន២កញ្ចប់តូច។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង ១៨នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ស៊ន លីដា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ ជនសង្ស័យទី២ ឈ្មោះ នុត សុពាង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត និងជនសង្ស័យទី៣ឈ្មោះ ងួន ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់