ភ្នំពេញៈក្រោយការស្រាវជ្រាវ និងឃាត់ខ្លួនបុរសជាប្ដី ជនសង្ស័យបានសារភាពថា ខ្លួនបានវាយប្រពន្ធចំនួន៣វែក ក្រោយមកក៏ស្លាប់ ។ បើតាមសមត្ថកិច្ចដកស្រង់សម្ដីជនសង្ស័យថា ក្រោយជម្លោះពាក្យសម្ដីមួយប្រាវ បុរសជាប្ដីក៏បានយកវែកសម្លមកវាយសំពងទៅលើប្រពន្ធ បណ្ដាលឲ្យស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានបន្តិច។
បើតាមគ្រូពេទ្យ ស្ដ្រីរងគ្រោះបានស្លាប់បាត់ទៅហើយ មុនពេលមកដល់មន្ទីរពេទ្យ ហើយជនរងគ្រោះទើបនឹងសម្រាលកូនបាន៨ខែផងដែរ។
សមត្ថកិច្ចបានអះអាង ដំបូងឡើយជនសង្ស័យនិយាយថា ប្រពន្ធរបស់ខ្លួនបានដួលក្នុងបន្ទប់ទឹក ក្រោយមកក៏ស្លាប់ បន្ទាប់ពីជួយសង្គ្រោះបានបន្តិច។
សូមរំលឹកថា ករណីនេះ មុនដំបូងប្តីបានប្រាប់សមត្ថកិច្ចថា ប្រពន្ធរបស់គាត់ ដែលទើបសម្រាលកូនបានរយៈពេល៨ខែ បានដួលបោកក្បាលនៅក្នុងបន្ទប់ទឹក បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ប៉ុន្តែគាត់ជាប្ដីមិនបានដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ឡើយ ដោយ កោសខ្យល់ឲ្យប្រពន្ធ លុះព្រឹកឡើងប្រពន្ធនៅតែមិនដឹងខ្លួនទៀត ទើបគាត់(ប្ដី)សម្រេចចិត្តដឹកទៅកាន់គ្លីនិកឯកជនមួយ។ បន្ទាប់ពីដឹកទៅដល់ ខាងគ្លីនិកមិនហ៊ានទទួលព្យាបាលឡើយ ព្រោះស្ថានភាពធ្ងន់ធ្ងរពេក ទើបគាត់(ប្ដី)បានដឹកតាមម៉ូតូរ៉ឺម៉កកង់បីទៅកាន់មណ្ឌលសុខភាពពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ត ក្រោយពេលទៅដល់ ក្រុមគ្រូពេទ្យបានពិនិត្យមើលឃើញថា ស្រ្តីនោះបានស្លាប់បាត់ទៅហើយ គឺស្លាប់មុនពេលដឹកទៅដល់ទីនោះម្ល៉េះ។
ហេតុការណ៍នេះ បានសមត្ថកិច្ចបានបញ្ជាក់ថា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងមណ្ឌលសុខភាពពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីដែលស្លាប់នោះឈ្មោះ ខេន ស្រីខួច អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅក្នុងភូមិប្រាសាទ ឃុំភ្នំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកប្តីមានឈ្មោះ អឿន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅក្នុងភូមិកំពង់ក្តី ឃុំខ្ពង់រាប កោះសូទិន កំពង់ចាម អ្នកទាំងពីរនាក់នោះ មានកូន៣នាក់ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ៕
https://youtu.be/YaaPzZ4OiX4
មតិយោបល់