ព័ត៌មានជាតិ

ឃាត់ខ្លួន នាយកមណ្ឌលសុខភាពផ្សារដើមថ្កូវ រួមនិងបក្ខពួក ពាក់ពន្ធ័ករណីជំរិតទារប្រាក់

ភ្នំពេញៈ ប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងបក្ខពួកចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលផ្សារដើមថ្កូវ ឃាត់ខ្លួន ពាក់ព័ន្ធពីបទដើរជំរិតទារប្រាក់​ពីអ្នកលក់ដូរ​តាមចិញ្ចើមផ្លូវជុំវិញ​មណ្ឌលសុខភាពផ្សារដើមថ្កូវ។

ការចុះឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចតាមផ្លូវ៤៣០ និង១៦៣ ជុំវិញមណ្ឌលសុខភាពផ្សារដើមថ្កូវ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនជាប់ពាក់ព័ន្ធដែលត្រូវនគរបាលផ្សារដើមថ្កូវឃាត់ខ្លួននោះ រួមមាន ៖ ទី១.ឈ្មោះ ស្រី រតនា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ១៥BEo ផ្លូវ៣៣៦ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ ប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ (អ្នកឲ្យ​ប្រមូលលុយ)។ ទី២ឈ្មោះ អ៊ឹង សៀងប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៨៤ E1 ផ្លូវ១៨២ ភូមិ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរបុគ្គលិកពេទ្យ (អ្នកដើរយកលុយ)។ ទី៣ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅផ្ទះលេខ ១២៧ ផ្លូវលំ ភូមិកោះប្រាក់ ឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ (អ្នកដើរយកលុយ)។ ទី៤.ឈ្មោះ សេង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០B ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បុគ្គលិកភោជនីយដ្ឋានទឹកថ្លា (អ្នកដើរយកលុយ)។

មន្រ្តីនគរបាលប៉ុស្តិ៍ដើមថ្កូវបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ច​បានចុះ​ទៅដល់​កន្លែង​កើតហេតុ ធ្វើការឃាត់ជនសង្ស័យទាំង៣នាក់ ជាក់ស្ដែងតែម្ដង ខណៈ​ពួកគេ​កំពុងជំរិត​ទារប្រាក់ និងដកហូត​លុយ៣៨១ដុល្លារ(បីរយប៉ែតសិបមួយដុល្លារ) លុយខ្មែរ៥២៦០០០០រៀល (ប្រាំលាន២សែនប្រាំមួយម៉ឺន) ហើយសមត្ថកិច្ចបានបន្តឃាត់ខ្លួនប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវម្នាក់ទៀតផងដែរ។

ក្រោយការឃាត់ខ្លួន និងធ្វើការសាកសួរ លោកប្រធាមណ្ឌលសុខភាពផ្សារដើមថ្កូវបានសារភាពថា លោកពិតជាបានបញ្ជាឲ្យគេដើរយកលុយពីអាជីវករលក់តាមចិញ្ចើមផ្លូវជុំវិញមណ្ឌលសុខភាពផ្សារដើមថ្កូវប្រាកដមែន គឺតាមទីតាំងតូចធំពី២០ ដល់៧០ដុល្លារ។ គាត់ថា លុយដែលគាត់ប្រមូល​បាននោះ​ គឺយកមកបន្ថែមប្រាក់ខែបុគ្គលិកក្នុងមណ្ឌល និងជួយឧបត្ថម្ភក្នុងកម្មវិធីផ្សេងៗ។

ដោយឡែកតាមសម្ដីរបស់ក្រុមអាជីវករបានឲ្យដឹងថា លោកប្រធានមណ្ឌលសុខភាពខាងលើនេះបានប្រើឲ្យគេដើរប្រមូលលុយ​ពីក្រុមអាជីវករ ដើម្បី​ដាក់ក្នុងហោប៉ៅតែបក្ខពួកគាត់ប៉ុណ្ណោះ។

ក្រុម​អាជីវករ៩នាក់ ដែលតំណាងឲ្យ​អាជីវករចំនួន​៣៦តូប បានមកដាក់ពាក្យប្ដឹងរួមមាន ៖ ទី១ឈ្មោះ យឹម ឌីណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ឈុន ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទី៣ឈ្មោះ ចាប អឺង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ទី៤ឈ្មោះ សែម ចាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទី៥ឈ្មោះ ស៊ន សីហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទី៦ឈ្មោះ ទេព លក្ខិណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទី៧ឈ្មោះ ង៉ែត សុខា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទី៨ឈ្មោះ អឿន ចិន្តា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទី៩ឈ្មោះ សុខ ជាតា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយគ្នា៕

មតិយោបល់