កាលពីយប់ថ្ងៃទី៥ មករា គេឃើញតារាម៉ូដែលល្បីឈ្មោះនាងចាន់ គង្ការ បង្ហោះរូបភាពមួយចំនួនបង្ហាញថានាង ក៏ជាតួអង្គមួយរូបក្នុងរឿង«ទឹកភ្នែកកក» ដែលភាពយន្តភាគដែលប្រើទុនធំរបស់ទូរទស្សន៍បាយ័នផងដែរ។ អ៊ីចឹងទើបហើយម្នាក់ៗភ្ញាក់ព្រឺត ដោយសារតែក្នុងពេលក្រុងពាលី មិនឃើញវត្តមានរបស់នាងបង្ហាញខ្លួន ខណៈដែលក្រុមផលិតករ ក៏មិនធ្លាប់បង្ហើបអោយដឹងមុន។
ចាន់ គង្ការ មិនអាចសុំការបកស្រាយបានទេ ដោយសារតែការទំនាក់ទំនងមិនមានអ្នកឆ្លើយតប។ យ៉ាងណាមិញ អ្នកនាប៊ុន ចាន់និមល ផលិតរឿង«ទឹកភ្នែកកក» និងជាម្ចាស់ផលិតកម្មសាស្រ្តា បានទទួលស្គាល់ថាតារាម៉ូដែលរូបនេះពិតជាបានសម្ដែងក្នុងរឿងនេះប្រាកដមែន ដោយតំណែងរបស់នាងគឺតួអង្គធំទៀតផង។ អ្នកនាងនិយាយថា ចាន់ គង្ការ គឺជាតួបងស្រីរបស់តួឯកប្រុស ដោយនាងត្រូវសម្ដែងជាតួនារីហាយសូ កាលីបខ្ពស់ តែមានចិត្តពិសពុល ដោយប្រើគ្រប់ឧបាយកលហ៍ ក្នុងបំណងដណ្ដើមទ្រព្យពីប្អូនប្រុសខ្លួនឯង។ អ្នកនាងថាក្នុងពេលក្រុងពាលី នាងមិនបានបង្ហាញខ្លួននោះទេ ដោយសារតែខាងផលិតកម្មក៏មានបំណងលាក់តួ និងចង់អោយមានការចាប់អារម្មណ៍នៅពេលផលិតកម្មបញ្ចេញនាង ថាជាតួសម្ដែងក្នុងរឿង«ទឹកភ្នែកកក»ដែរ។ អ្នកនាងថា ចាន់ គង្ការ គឺជាតួអង្គបង្កើតទំនាស់ ដោយក្នុងចំណោមតួអង្គក្នុងរឿងគឺតួអង្គណាមួយក៏ជាប់ពាក់ព័ន្ធនឹង សកម្មភាពរបស់នាងទាំងអស់។ អ្នកនាងថា ចាន់ គង្ការ ជាតួសំខាន់ក្នុងរឿងដោយត្រូវសម្ដែងតាំងពីដើមរឿងដល់ចប់រឿង ទើបអ្នកនាងថាតារាម៉ូដែលរូបនេះ នឹងទទួលបានភាពលេចធ្លោតាមរយៈការសម្ដែងក្នុងរឿង«ទឹកភ្នែកកក»។
តាមរយៈការបញ្ជាក់នេះ គឺកញ្ញាចាន់ គង្ការ ពិតជាបានឈានឡើង មួយកម្រិតតាមរយៈឱកាសបានសម្ដែងក្នុងរឿង «ទឹកភ្នែកកក»ដែលជារឿងភាគធំមួយរបស់ផលិតកម្មសាស្រ្តា និងគ្រោងដាក់បញ្ចាំងនៅទូរទស្សន៍បាយ័ន។ នេះជាស្នាដៃដែលនាងលេចមុខ បន្ទាប់ពីរឿង«Jailbreak » ដែលភាពយន្តខ្នាតធំមួយត្រៀមនឹងដាក់បញ្ចាំង ក៏មាននាងសម្ដែងផងដែរ។ ចាន់ គង្ការ ត្រូវផលិតកររឿង«ទឹកភ្នែកកក»បញ្ជាក់ថា ដោយសារតែតួរបស់នាងមានចរិតហាយសូ ទើបសូម្បីសំលៀកបំពាក់ក៏ត្រូវផលិតករផ្ចិតផ្ចង់អោយ ដែលកាន់តែលើកសម្រស់របស់នាង អោយទាក់ទាញជាមួយនឹងការសម្ដែង។ ខ្សែរឿងនេះត្រូវបានបង្ហើបថាថតបាន១០ភាគហើយ តែមិនច្បាស់ពីការដាក់បញ្ចាំងពេលណានៅលើកញ្ចក់ទូរទស្សន៍បាយ័ន៕



















មតិយោបល់