ភ្នំពេញៈ នារីរូបស្រស់ម្នាក់ បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឱ្យជួយស្វែងរក និងវែកមុខជនសង្ស័យ ដែលលួចបាន គ្រឿងអលង្ការរបស់នាងសរុបជាទឹកប្រាក់ជាង៧០០ដុល្លារ។
ករណីដាក់ពាក្យប្ដឹងនេះ ធ្វើឡើងកាលពីម៉ោង១១ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ សោ វណ្ណី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅផ្ទះជួល ភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតភូមិផ្សារ ឃុំភ្នំឌិន ស្រុកគិរីវង្ស ខេត្តតាកែវ។
នារីរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ខ្លួន(នារីជនរងគ្រោះ) បានដោះគ្រឿងអលង្ការចេញពីខ្លួនដាក់ក្នុងថង់ខ្មៅមួយ ដើម្បីងាយស្រួលលាបឡេ លុះព្រឹកឡើងខ្លួនបានឆែកថង់ខ្មៅនោះមើល ស្រាប់តែមិនឃើញគ្រឿងអលង្ការ ដែលខ្លួនបានទុកកាលពីយប់ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាងបន្ទប់មកចោមរោមមើលត្រៀបត្រា។
នាងបន្តថា បន្ទាប់ពីដឹងថាគ្រឿងអលង្ការបាត់ ខ្លួន (នារីជនរងគ្រោះ) បានសង្ស័យទៅលើឈ្មោះ ជា ភេទស្រី អាយុជិត២០ឆ្នាំ ត្រូវជាក្មួយរបស់អ្នកមើលការខុសត្រូវផ្ទះជួលកន្លែងកើតហេតុខាងលើ។
ក្រោយពីកើត នារីរងគ្រោះបានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឱ្យនគរបាលជួយស្វែងរក និងវែកមុខជនល្មើស ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់