ព័ត៌មានជាតិ

ឆក់កាបូបពីនារីម្នាក់ មិនសម្រេច សមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៧៣៥ ផ្លូវលេខ១២៨ ក្រុមទី៣១ ភូមិ៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ៅ វីល្លៀម ហៅខ្មោច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះឈ្មោះ ជាន សុជាតិ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្លីនិចចេស្តា ស្នាក់ នៅផ្ទះជួល ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរងរបួសជើងឆ្វេង និងជង្គង់ទាំងសងខាង។

នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1GS-4706 ឌុបមិត្តភក្តិស្រីម្នាក់ ដោយនារីរងគ្រោះមានស្ពាយកាបូបមួយពណ៌បៃតង ពីចំហៀងខាងឆ្វេង ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ១២៨ ពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ​៤នាក់ ជិះម៉ូតូពីរគ្រឿងម៉ាក Su Zuki Nex ពណ៌លឿង ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1DD-4966 និងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី២០១៧ តាមមកពីក្រោយ ហើយ​អែបទន្ទឹមខាងឆ្វេង នឹងធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ តែពុំបានសម្រេច បណ្តាលឱ្យម៉ូតូជនរងគ្រោះដួលទៅលើម៉ូតូជនសង្ស័យ ភ្លាមនោះក៏មានការអន្តរាគមន៍ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ រីឯបក្ខពួក​៣នាក់ ទៀត ជិះម៉ូតូគេចខ្លួនបាត់។

ក្រោយសមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាក Su Zuki Nex ពណ៌លឿង ស៊េរី2014 ពាក់ស្លាកលេខ ភ្នំពេញ 1DD-4966 ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់