ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្យល់ម្នាក់ ពីបទនាំចេញពលករឆ្លងដែន ខុសច្បាប់

សៀមរាប: យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម
បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២០ និង៣០នាទី មានរថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2M-2662 បានមកដឹកពលករ នៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយបានជួបនិងនគរបាលប៉ុស្តិ៍ដើរល្បាត ក៏បាននាំយកមកអធិការរដ្ឋាននគរបាលស្រុកក្រឡាញ់។

តាមការសាកសួរពលករទាំង ០៩នាក់បានឆ្លើយថា៖ ពួកគេទៅធ្វើពលករនៅថៃ ហើយហៅតាក់ស៊ីខាងលើ មកយកដោយគេយកឈ្នួលក្នុងម្នាក់ ៣០.០០០ រៀល និងប្រាក់សម្រាប់នាំឆ្លងដែនក្នុងម្នាក់ ៣.៣០០បាត ហើយទើបតែនាំគ្នាឡើង រថយន្តតាក់ស៊ី ត្រូវប៉ូលិសចាប់បាន។

ផ្អែកតាមការសាកសួរចម្លើយឈ្មោះ ញ៉េប ថា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិដូងឃុំ បឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ជាអ្នករត់តាក់ស៊ី និងជាមេខ្យល់ បានឆ្លើយសារភាពថា ខ្លួនពិតជាប្រមូលពលករពីស្រុកក្រឡាញ់ដឹកទៅច្រកឡែម ដោយយកឈ្នួលតាក់ស៊ីម្នាក់ ៣០.០០០រៀល ហើយពលករទាំងអស់ ខ្លួនយកទៅប្រគល់ឲ្យមេខ្យល់បន្ត មេខ្យល់ឱ្យប្រាក់ក្នុងម្នាក់ ២០០បាតថែមទៀត។

ជនសង្ស័យឈ្មោះ ញ៉េប ថា បានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២១ និង០០ នាទី ។ ចំណែកពលករទាំង ៩នាក់ ត្រូវបានសមត្ថកិច្ចយកមកអប់រំ មុនអនុញ្ញាតត្រឡប់ទៅលំនៅដ្ឋានវិញ ៕

មតិយោបល់