ព័ត៌មានជាតិ

កុមារាម្នាក់ឆក់ខ្សែភ្លើងនៅចង្ក្រានបាយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

កំពតៈ ក្មេងប្រុសជំទង់ម្នាក់ បានឆក់ខ្សែភ្លើង និងជញ្ជាំងចង្ក្រានបាយ ខណៈដែលខ្លួនរត់លេងនៅក្បែរនោះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី៨ មករា ម្សិលមិញ នៅចំណុចផ្ទះពលរដ្ឋម្នាក់ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

លោកវរសេនីយ៍ត្រី ណុប ចាន់ភាព អធិការរងស្រុកទឹកឈូ ទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យ​ដឹងថា ជនរងគ្រោះឈ្មោះ សំ ទ្រី ភេទប្រុស អយុ១១ឆ្នាំ មានឪពុកឈ្មោះ សំ ឃែល អាយុ៥៤ឆ្នាំ និងម្ដាយឈ្មោះ លន់ គង់ អាយុ៤៨ឆ្នាំ។

លោកអធិការរងបន្តថា មូលហេតុដំបូងក្មេងរត់លេងនៅក្បែរចង្ក្រានបាយផ្ទះអ្នកជិតខាង ហើយក៏ទៅប៉ះនិងស័ង្កសីជញ្ជាំងចង្ក្រាន ដែលមានខ្សែភ្លើងនៅជាប់នោះ បណ្តាលឲ្យ​ឆ្លងភ្លើងឆក់ប្រកាច់ប្រកិន របួសធ្ងន់ សន្លប់បាត់ស្មារតី ក្រោយកើតហេតុអ្នកភូមិ បាននាំគ្នាជួយសង្គ្រោះ និងបានបញ្ជូនទៅកាន់មណ្ឌលសុខភាពកោះតូច តែដោយសភាពធ្ងន់ធ្ងន់ពេក កុមារារងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់៕

មតិយោបល់