កំពតៈ ក្រុមប្រជាពលរដ្ឋឃុំព្រែកត្នោតនៅបន្តត្អូញត្អែរដដែល ខណៈដែលចំណាត់ការ សមត្ថកិច្ចគ្មានប្រសិទ្ធភាពលើសម្បុកល្បែងស៊ីសង ដែលមានមេឃុំឈ្មោះ គង់ ប៊ុនរី នៅពីក្រោយខ្នង។
តាមសេចក្តីរាយការណ៍មន្ថែមពីពលរដ្ឋតំបន់នោះ បានឲ្យដឹងថា មកដល់ពេលនេះពួកគាត់នៅតែមានការធុញទ្រាន់យ៉ាងខ្លាំង ចំពោះល្បែងស៊ីសងក្នុងតំបន់របស់គាត់ រួមមានល្បែងបញ្ជល់ យូគីក្រដាស់ បៀ និងអាប៉ោងជាដើម ដែលដំណើរការជាយូរឆ្នាំមកហើយ ពុំមានការអើពើពីសមត្ថកិច្ច ឬអាជ្ញាធរឡើយ។ ពលរដ្ឋដដែលបន្តថា នៅថ្ងៃទី៨ មករា ម្សិលមិញ សមត្ថកិច្ចស្រុកទឹកឈូ បាននាំកម្លាំងទៅបង្ក្រាបសម្បុកល្បែងទាំងនោះ ប៉ុន្តែ មុនពេលសមត្ថកិច្ចទៅដល់ក្រុមអ្នកលេងបានប្តូររូបភាព និងចែកផ្លូវគ្នាអស់ទៅហើយ ហាក់ដូចជាដឹងរឿងមុនដូច្នេះ រហូតមកដល់ពេលនេះ ល្បែងយូគី និងបញ្ជល់មាន់ ត្រូវបានស្ងាត់ទៅហើយ ដោយឡែកល្បែង បៀ និង អាប៉ោង នៅផ្ទះប្អូនថ្លៃលោកមេឃុំ រឹតតែបន្តខ្លាំងជាងមុនទៅទៀត ដោយមិនញញើតកោតខ្លាច សមត្ថកិច្ចណាឡើយ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ ភូមិត្រពាំងរពៅ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា ចំពោះសម្បុកល្បែងទាំងនេះ គ្មានថ្ងៃនឹងសាបសូន្យបានទេ បើសិនអាជ្ញាធរឃុំនៅតែប្រើអំណាចឲ្យប្អូនថ្លៃខ្លួនប្រើដោយខុសនឹងតួនាទីបែបនេះ ហើយសមត្ថកិច្ចប៉ុស្តិ៍ក៏រីករាយនឹងសម្បុកល្បែងនេះដែរ ព្រោះវាជាអ្នកចិញ្ចឹមសមត្ថកិច្ច។
ទាក់ទងករណីនេះ លោក នាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ បានមានប្រសាសថា លោកនឹងចាត់កម្លាំងឲ្យចុះទៅពិនិត្យជាបន្ទាន់។
នៅព្រឹកថ្ងៃទី៩ មករានេះ លោកវរៈសេនីយ៍ទោ សំ អុក អធិការនគរបាលស្រុកទឹកឈូ បានមានប្រសាសន៍ដិសេធតាមប្រព័ន្ធសារអេឡិចត្រូនិចថា ពេលកម្លាំងចុះទៅដល់ពុំល្បែងស៊ីសងនៅទីតាំងខាងលើ ដូចជាការលើកឡើងនោះទេ សូមអ្នកយកព័ត៌មានរាយការណ៍ឲ្យបានច្បាស់ លោកនឹងចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។
យ៉ាងណាក៏ដោយក្រុមពលរដ្ឋនៅបន្តថា រាល់ការរាយការណ៍ឲ្យសមត្ថកិច្ច តែងតែគ្មានបានលទ្ធផល ហើយថែមទាំងទទួលបានពាក្យថា ពួកគាត់រាយការណ៍មិនពិត មិនច្បាស់លាស់ ដែលជារឿងមួយធ្វើឲ្យពលរដ្ឋអស់ជំនឿ និងអន់ចិត្តយ៉ាងខ្លាំង ចំពោះអាជ្ញាធរ និងសមត្ថកិច្ច។ ពួកគាត់បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ រួមមានលោកអភិបាលស្រុក និងអភិបាលខេត្ត មេត្តាមានដំណោះស្រាយ ចំពោះបញ្ហានេះ ព្រោះថាសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន អស់លទ្ធភាពហើយលើបញ្ហានេះ ម្យ៉ាងទៀតល្បែងស៊ីសងទាំងនេះ ពិតជាផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់ពលរដ្ឋរួមមាន ការហូរកញ្ជៀវមានសំឡេងរំខានខ្លាំង ដាក់យាន្តជំនិះពាសវាលពាសកាលបាំងផ្លូវដំណើរនិងបង្ខំឲ្យមានករណីចោរកម្ម ឬ អសន្តិសុខជាដើម៕
https://youtu.be/5tgozXobqUA
មតិយោបល់