ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ មានករណីក្រុមចោរ ០២នាក់បានភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DB-0551 បានសម្រេច ដែលស្ថិតនៅចំណុចដីឡូគ្មានលេខ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ ជួប សារ៉ាត ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនហិរញ្ញវត្ថុ ហ្វីកា ហ្វៃណាន់ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមការបញ្ជាក់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានទៅជួបជាមួយអតិថិជននៅសង្កាត់ច្រាំងចំរេះ១ លុះដល់ពេលត្រឡប់មកវិញ ក៏បានជិះម៉ូតូ មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែពេលនោះ ក៏បានប្រទះឃើញជនសង្ស័យ ០២នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក SL ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រដាប់ដោយអាវុធខ្លីចំនួន០២ដើម បានធ្វើសកម្មភាពជិះគៀរម៉ូតូជនរងគ្រោះឲ្យឈប់ ហើយបានដកកាំភ្លើងម្នាក់មួយដើម ភ្ជង់គំរាមប្លន់យកម៉ូតូបានសម្រេច ហើយបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ ។
ប្រពភពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់រស់នៅសព្វថ្ងៃមានការភ័យខ្លាចដោយសារតែថ្មីៗនេះ មានករណីចោរប្លន់គ្រប់ទីកន្លែង ដោយពួកគាត់មិនហ៊ានចេញទៅណាទេ ដោយសារថ្មីៗនេះ មានករណីចោរប្លន់ដោយប្រដាប់អាវុធ និងដាវ ភ្ជង់ប្លន់ បាញ់និងកាប់យកម៉ូតូ មិនថាយប់ រឺក៏ថ្ងៃនោះឡើយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ តែប៉ុណ្នោះ ៕
មតិយោបល់