ភ្នំពេញៈ ពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សាដែលមានតម្លៃជាង២សែនដុល្លារអាមេរិក ស្ថិតនៅវត្តសុវណ្ណរាសីរតនារាម ហៅវត្តសំរោងកណ្តាល ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ហើយក្នុងពិធីនោះក៏បានការបើកការដ្ឋានស្តារស្រះទឹកមានតម្លៃជាង៦ម៉ឺនដុល្លារ ផងដែរ។
ពិធីនេះធ្វើឡើងក្រោមព្រះវត្ត មានសម្តេចព្រះវនរ័ត ណយ ច្រឹក សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ឆាវ អ៊ីនទ័រប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរហូលឌីងគ្រុប (Khmer Holding Group) និងភរិយា លោកអភិបាលខណ្ឌព្រែកព្នៅ ចៅសង្កាត់សំរោង ប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបជាង១.០០០នាក់។
លោក យិន អ៊ីម ចៅសង្កាត់សំរោងបានឲ្យដឹងថា សាលាពុទ្ធិកបឋមសិក្សានេះ ត្រូវបានកសាងឡើងចាប់ពីខែកក្កដា ឆ្នាំ២០១៣ ដល់ខែមករា ឆ្នាំ២០១៦ ដោយចំណាយថវិកាអស់២៥៥.២០០ដុល្លារអាមេរិក។ អគារក្នុងវិស័យពុទ្ធចក្រនេះ មានបណ្តោយប្រវែង៤៤ម៉ែត្រ និងទទឹង១១,៥ម៉ែត្រ ដោយមានកម្ពស់២ជាន់ ដែលរចនាបថខ្មែរ ក្បាច់បុរាណ។
ទន្ទឹមនឹងសមិទ្ធផលសម្រេចនេះ ក៏នៅមានការបន្តបើកការដ្ឋានស្តារស្រះទឹកមានបណ្តោយ១៤៤ម៉ែត្រ ទទឹង៩០ម៉ែត្រ និងសាងសង់សួនច្បារជុំវិញស្រះ គិតជាទឹកប្រាក់សរុប៦៥.០០០ដុល្លារអាមេរិក។
លោកចៅសង្កាត់ មានប្រសាសន៍ថា សមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងក្រៃលែងក្នុងវិស័យពុទ្ធចក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ ជឿជាក់ថា សមិទ្ធផលនេះនឹងក្លាយជាទីឋានដ៏ពិសិដ្ឋសម្រាប់ប្រជា ពុទ្ធិបរិស័ទសិក្សារៀនសូត្រ និងប្រតិបត្តិធម៌វិន័យ។
លោកឧកញ៉ាបានសន្យាថា នឹងខិតខំសម្រេចគោលដៅដែលមានឥទ្ធិពលចំពោះពិភពលោក ដូចជាការបណ្តុះបណ្តាលធនធានមនុស្សដោយ ឈរលើមូលដ្ឋានសិក្សាស្រាវជ្រាវព្រះធម៌ ដែលប្រមូលផ្តុំគ្រប់មុខវិជ្ជា ព្រមទាំងយកចិត្តទុកដាក់លើ ការពង្រឹងជំនឿធ្វើជាគ្រឹះ។
លោកមានប្រសាសន៍ថា “ការអប់រំរបស់ព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំរបស់ប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថា សមណសិស្ស គ្រប់រូបនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងប្រតិបត្តិវិន័យ ដោយបង្ហាត់ខ្លួនឯងឲ្យទៅជាព្រះសង្ឃ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់”។
លោកឧកញ៉ា បន្តថា ការរៀនសូត្រ និងប្រតិបត្តិគឺស្របគ្នា ដើម្បីលើកកម្ពស់ចំណេះដឹង និងចរិយាធម៌ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបញ្ជាក់ថា ការពង្រឹងជំនឿធ្វើជាគ្រឹះ គឺជាការរំដោះទុក្ខ និងការធ្វើឲ្យខ្លួនឯងមានភាពប្រសើរឡើងទាំងសមត្ថភាព ចំណេះដឹង និងប្រាជ្ញា។
ក្នុងឱកាសនេះដែរ លោកឧកញ៉ា ឆាវ អ៊ីនទ័រ និងភរិយា ក៏បានប្រគេនបច្ច័យចំនួន ១០.០០០ដុល្លារបន្ថែមទៀត សម្រាប់ចាក់ដី និងកសាងសមិទ្ធផលផ្សេងៗក្នុងវត្ត ព្រមទាំងទេយ្យវត្ថុ និងអំណោយផ្សេងទៀត ប្រគេនដល់ព្រះសង្ឃ ជូនប្រជពលរដ្ឋ និងសិស្សានុសិស្ស៕
មតិយោបល់