ព័ត៌មានជាតិ

នារីក្រមុំស្រស់សោភាម្នាក់ រងការរលះរលួយស្បែកដោយសារថ្នាំ ដង្ហើយរកសប្បុរសជនជួយសង្គ្រោះ

បាត់ដំបងៈ តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ឈ្មោះ ប៉ែន រដ្ឋា រស់នៅខេត្តបាត់ដំបងបានឲ្យដឹងអំពីស្ថានភាពជំងឺរបស់យុវតីម្នាក់ ដែលកំពុងស្ថិតក្នុងគ្រាអាសន្ន ព្រោះតែប្រតិកម្មថ្នាំ ។ រូបរាងស្អាតបាត ប្រែក្លាយទៅជាពងបែក ពេញមាត់ ពេញខ្លួនប្រាណ ដែលមើលទៅគួរឲ្យអាណិតនោះ គឺកញ្ញា ប៉ែន សុផានឿន អាយុ១៩ឆ្នាំ ជានិស្សិតរៀននៅសាកលវិទ្យាល័យ UME ខេត្តបាត់ដំបង ។

ប្រភពខាងលើបានឲ្យដឹងថា នារីរងគ្រោះ រស់នៅភូមិខ្សាច់ពោយ សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នាងជាកូនទី៤ ក្នុងចំណោមគ្រួសារ ដែលមានសមាជិក៦នាក់ ហើយម្តាយបានស្លាប់ចោលតាំងពីនាងនៅតូច ។ រីឯឪពុកប្រកបរបរជាអ្នករត់ម៉ូតូឌុប ហើយបងៗរបស់នាងបានឈប់រៀនដោយចេញទៅប្រកបរបរចិញ្ចឹមជីវិត ។ ក្នុងចំណោមនោះ មានបងស្រីរបស់នាងម្នាក់កំពុងធ្វើការរោងចក្រនៅឯក្រុងប៉ោយប៉ែត ជាអ្នកជួយសម្រាលបន្ទុកជីវភាពគ្រួសារនាង ។

ប្រភពខាងលើបន្តរៀបរាប់ឲ្យដឹងថា ស្ថានភាពជំងឺរបស់ ប៉ែន សុផានឿន បានចាប់ផ្តើមកើតឡើងអំឡុងខែ មករា ឆ្នាំ២០១៦ ដោយមានអាការហើមដៃជើង និងមុខមាត់ ដែលមានកន្ទួលក្រហមដុំៗបន្តិចបន្តួច ។ មុនដំបូងនាងបានទៅពិនិត្យ និងព្យាបាលពីគ្រូពេទ្យម្នាក់ ។ ពេទ្យនោះបានឲ្យថ្នាំនាងយកទៅលេបនៅឯផ្ទះ។ មួយរយៈក្រោយមក មិនឃើញចេញជាលទ្ធផលវិជ្ជមាន ទើបនាងទៅរកពេទ្យមួយទៀត ហើយពេទ្យនោះក៏ជំរុញឲ្យនាងទៅពិនិត្យឈាម នៅមន្ទីរពិសោធន៍ ខេត្តបាត់ដំបង ។ លទ្ធផលបង្ហាញថា នាងមានជំងឺទឹកនោមប្រៃ ។ នាងបានយកលទ្ធផលនេះទៅឲ្យពេទ្យម្នាក់ទៀតមើល និងផ្តល់ការព្យាបាល ។ ពេទ្យនោះក៏ទទួលព្យាបាលតាមរយៈការចាក់ថ្នាំ និងលេបថ្នាំ ។

ការព្យាបាលចេះតែបន្តរហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នាងចាប់ផ្តើមមានអាការធ្ងន់ឡើងៗ ដោយមុខនិងមាត់របស់នាងឡើងហើម ហើយចេញកន្ទួលក្រហមពេញផ្ទៃមុខ ដៃ និងជើង ។ ឃើញដូច្នោះ ឪពុករបស់ប៉ែន រដ្ឋា (ម្ចាស់ហ្វេសប៊ុក) បានដឹកនាងទៅកាន់មន្ទីរពេទ្យនៅជិតផ្ទះ ។ ពេទ្យគ្រាន់តែឃើញអាការនាង ក៏ប្រញាប់បញ្ជូននាងទៅកាន់មន្ទីរពេទ្យធំនៅទីរួមខេត្ត ។ នៅថ្ងៃដដែលនោះ គ្រូពេទ្យនៃមន្ទីរពេទ្យធំ ក៏បញ្ជូននាងទៅកាន់ផ្នែករោគសើស្បែក ។

ទៅដល់ផ្នែករោគសើស្បែក ពេទ្យពិនិត្យហើយឲ្យថ្នាំ១កញ្ចប់ ។ នាងក៏បានត្រឡប់មកផ្ទះវិញ និងបន្តទៅរកពេទ្យ ដដែលនោះឲ្យមកពិនិត្យបន្តនៅផ្ទះ ។ ពេទ្យធំខេត្តបាត់ដំបង ក៏មកចាក់ថ្នាំ និងបន្តោងសេរ៉ូមឲ្យនាងដេកនៅផ្ទះរាល់ថ្ងៃ ។

លុះដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថានភាពជំងឺរបស់នាងក៏កាន់តែធ្ងន់មួយកម្រិតទៀត ដោយចាប់ផ្តើមនិយាយលែងចេញ ។ ស្ថានភាពបែបនេះ ធ្វើឲ្យក្រុមគ្រួសាររបស់នាងកាន់តែបារម្ភឡើង ហើយបានបញ្ជូននាងទៅមណ្ឌលសុខភាពជិតផ្ទះ ។ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពពិនិត្យហើយមិនបង្អង់យូរ ក៏ចេញលិខិតមួយបញ្ជូននាងទៅកាន់មន្ទីរពេទ្យធំ ខេត្តបាត់ដំបងបន្តទៀត ។

នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នាងបានទៅដល់មន្ទីរពេទ្យធំ និងបានពិនិត្យពិច័យវិភាគរោគដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ។ លទ្ធផលចេញមកដោយមិននឹកស្មានដល់ គឺនាងប្រតិកម្មថ្នាំ ។ នេះជាចំណោទមួយ ។ តើនាងប្រតិកម្មថ្នាំអ្វី? លេប ឬក៏ចាក់? នរណាអ្នកចាក់? នរណាជាអ្នកឲ្យនាងលេប? អ្នកណាទទួលខុសត្រូវលើករណីនេះ?

ស្ថិតនៅក្នុងស្ថានភាពនេះ នាងកំពុងមានបញ្ហាយ៉ាងធ្ងន់ដោយមិនអាចនិយាយបាន ។ នៅក្នុងមាត់ពោរពេញទៅដោយពងបែកហើម ហើយចេញកន្ទួលក្រហមៗ ពេញដងខ្លួន និងមាត់ ។ ពេលនេះ នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យធំ បន្ទាប់លេខ៥ អគារប្រជាជន ទីរួមខេត្តបាត់ដំបង៕

battambang-1 girl

មតិយោបល់