ព័ត៌មានជាតិ

បុរស២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លូន ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះប្រតិបត្តិការឃាត់រថយន្ត មួយគ្រឿងម៉ាក កាមរី ចង្កូតស្ដាំ ពណ៍ប្រផេះ ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខ បាត់ដំបង 2A-1950 នៅវេលាម៉ោង២ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលលើការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ទី១.ឈ្មោះ តាន់ ចាន់ណា ហៅអូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ទី២.ឈ្មោះ តែ សុវណ្ណ ហៅឈើយ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិចំការចេក ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន គ្រឿងញៀន ទឹកកក ចំនួន២កូនថង់តូច ស្មើនឹង០,២៥ក្រោម និងគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ យ៉ាម៉ា ចំនួន ៥គ្រាប់ រួមទាំងរថយន្ដ១គ្រឿងម៉ាក កាមរី ចង្កូតស្ដាំ សេរី១៩៩១ ពណ៍ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2A-1950។

ក្រោយបង្ក្រាប ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួររួចមក ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀនទាំងអស់នេះដើម្បីរក្សាទុកប្រើប្រាស់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់៕

photo_2016-05-06_13-41-10 photo_2016-05-06_13-41-11 photo_2016-05-06_13-41-07

មតិយោបល់