ព័ត៌មានជាតិ

រថយន្តបែនដឹកដី១គ្រឿង បែកកង់រេចង្កូតធ្លាក់ផ្លូវក្រឡាប់ទាំងព្រឹក សំណាងអ្នកបើកបររបួសស្រាល

ភ្នំពេញ: រថយន្តបែនដឹកដីមួយគ្រឿង ខណ:ដែលកំពុងតែធ្វើដំណើរតាមដងផ្លូវ ស្រាប់តែបែកកង់ខាងមុខ បណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវបោកផ្ទប់នឹងផ្ទាំងថ្ម សំណាងអ្នកបើកបររងរបួសស្រាល ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តបែនដឹកដីខាងលើ គ្មានស្លាកលេខ ខណ:ដែលកំពុងតែបើកបរ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ខាងមុខចំហៀងខាងស្ដាំ បណ្ដាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ បោកផ្ទប់និងផ្ទាំងថ្ម រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ចំណែកអ្នកបើកបរសំណាងមែនទែន គឺរងរបួសស្រាល ។

ក្រោយពេលកើតហេតុ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចុះដល់ទីតាំងនិងពិនិត្យមើល ដោយមិនមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ទើបឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់