ព័ត៌មានជាតិ

ពលរដ្ឋជិត ៥០គ្រួសារ បាននាំគ្នាតវ៉ាមុខការិយាល័យបុរីមហាសេដ្ឋី

ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ បាននាំគ្នាតវ៉ាជាមួយនឹងបុរី មហាសេដ្ឋី ដែលបានសន្យាថា ផ្តល់ប្លង់រឹងជូនពួកគាត់។ ការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខការិយាល័យបុរី មហាសេដ្ឋី តាមណ្តោយផ្លូវរថភ្លើង ក្រុម១២ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ បាននាំគ្នាទៅតវ៉ាមុខបុរីមហាសេដ្ឋី ដោយបានចោទប្រកាន់ថា ម្ចាស់បុរីខាងលើ បានបោកប្រាស់ពួកគាត់ ដោយបានសន្យាថានឹងផ្តល់ជូនប្លង់រឹងរយៈពេល ៤៥ថ្ងៃ តែរហូតដល់ពេលនេះ គឺម្ចាស់បុរី មហាសេដ្ឋី មិនទាន់បានប្រគល់ជូនពួកគាត់នៅឡើយ។

ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់ទាំងអស់បានទិញផ្ទះក្នុងបុរីនេះ ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយម្ចាស់បុរីខាងលើបានសន្យាថា ក្រោយពីបានប្រគល់ផ្ទះជូនពួកគាត់ហើយ រយៈពេល ៤៥ថ្ងៃនឹងប្រគល់ប្លង់រឹងជូនពួកទាំងអស់គ្នា តែរហូតមកដល់ពេលនេះ គឺមានរយៈពេល ៤ឆ្នាំហើយដែលពួកគាត់ទាំងអស់គ្នាមិនបានទទួលប្លង់រឹងទាំងនេះ។

លោក សំចេក ប្រធានរដ្ឋបាលក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រុមហ៊ុនមិនបានរំលោភកិច្ចសន្យានោះទេ ផ្ទះក្រុមហ៊ុនបានប្រគល់ឲ្យកាន់កាប់អស់ហើយ ប៉ុន្តែគ្រាន់តែយឺតយ៉ាវកាត់ប្លង់តែប៉ុណ្ណោះ ព្រោះរង់ចាំធ្វើប្លង់រួមដើម្បីបន្ថយការចំណាយ តែបច្ចុប្បន្នក្រុមហ៊ុន រួមនិងភូមិបាលបាននិងកំពុងធ្វើប្លន់ជូន។

ប្រធានរដ្ឋបាលរូបនេះបានបន្ថែមថា កន្លងមកក្រុមហ៊ុនបានជួយចេញថ្លៃបង់ពន្ធជូនរដ្ឋជាប្រចាំជូនពួកគាត់ រហូតដល់ប្លង់កម្មសិទ្ធពួកគាត់ទទួលបាន៕

មតិយោបល់