ព័ត៌មានជាតិ

ពលរដ្ឋខ្មែរចំណាកស្រុកទៅក្រៅប្រទេសជិត ៣០ម៉ឺននាក់ ភាគតិចស្របច្បាប់

ភ្នំពេញៈ យោងតាមរបាយការណ៍ឆមាសទី១ឆ្នាំ២០១៦ នៃលំហូរទេសន្តរប្រវេសការងារដែលទទួលបានពីតាមនាយកដ្ឋានជំនាញ តាមក្រសួងនានាបានកញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរទៅក្រៅប្រទេសសរុបជិត៣សែននាក់ ក្នុងនោះទៅក្រៅប្រទេសស្របច្បាប់មានជាង១៥ម៉ឺននាក់ និងមិនស្របច្បាប់មានជិត១៤ម៉ឺននាក់ ហើយមានអ្នកត្រឡប់មកវិញមានតែជិត៣ម៉ឺន៥០០០នាក់ប៉ុណ្ណោះ ។

ទាក់ទិនទៅនឹងផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា រហូតមកដល់ពេលនេះ ក្រុមការងារអន្តរក្រសួងនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅមិនទាន់មានកិច្ចសហការគ្នាល្អលើការងារផ្ដល់ព័ត៌មានឲ្យគ្នាទៅ វិញទៅមកក្នុងការបង្ក្រាប ទប់ស្កាត់អំពើជួញដូរមនុស្សខណៈមានព័ត៌មានបទល្មើសជួញដូរមនុស្សភាគច្រើន គឺថ្នាក់ដឹកនាំបានដឹងលឿនតាមរយៈបណ្ដាញសារព័ត៌មានទៅវិញ ។

នៅក្នុងកិច្ចប្រជុំក្រុមការងារជំនាញនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី៥ ខែឧសភា២០១៦នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុអេង រដ្ឋលេខាធិការក្រសួង មហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ការផ្ដល់ព័ត៌មាននិងការទំនាក់ទំនងគ្នានៃមន្ត្រីជំនាញនៅតាមបណ្ដាស្ថាប័នក្រសួងពាក់ព័ន្ធគឺនៅមានភាពចន្លោះ ប្រហោងដែលការងារនេះ លោកជំទាវបានស្នើឲ្យមន្ត្រីទទួលបន្ទុកនៅតាមបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារនេះឡើងវិញ ដើម្បីសម្រេចគោលដៅជួយប្រជាពលរដ្ឋខ្មែរ ដែលបានរងគ្រោះពីការឆ្លងដែនទៅធ្វើការងារចំណាក ស្រុកទៅក្រៅប្រទេសនិងនៅក្នុងស្រុកក៏ជាការចាញ់បោកមេខ្យល់ជាដើម ។

លោកស្រីបន្តថា តួលេខដែលកងកម្លាំងមានសមត្ថកិច្ចបង្ក្រាបនិងទប់ស្កាត់បានវាគ្រាន់តែតួលេខដែលយើងធ្វើបានប៉ុណ្ណោះ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនទៀតបានលួចធ្វើការងារចំណាកស្រុកទៅក្រៅប្រទេស ឆ្លងដែនច្រកទ្វារបៀង និងខ្លះទៀតឆ្លងដែនតាមច្រកទ្វារអន្តរជាតិហើយដាច់បាត់ការទាក់ទងនៅក្រៅប្រទេសដែលយើងមិនដឹងច្បាស់ថា តើគេទាំងនោះជួបប្រឈមនឹងបញ្ហារងគ្រោះអ្វីខ្លះទៀតនោះទេ ។

លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃថា នៅថ្ងៃខាងមុខគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបនៃកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងករណីអំពើជួញដូរមនុស្ស ហើយតាមរយៈវគ្គបណ្ដុះបណ្ដាលនោះ ស្ថាប័ន ក្រសួងនីមួយៗនឹងមានវិធានការរបស់ខ្លួនចាត់ការនិងមានការទទួលខុសត្រូវលើមុខសញ្ញាជនរងគ្រោះ និងចេះកំណត់មុខសញ្ញាជនល្មើសដើម្បីអនុវត្តចំណាត់ការទៅតាមផ្លូវច្បាប់ផងដែរ ៕

worker

មតិយោបល់