បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យនិងមនុស្ស ០២នាក់ទៀត រងរបួសស្រាល ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង ០៨និង០៧នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក មុខហាងលក់ម៉ូតូ ស៊ិញ ឈិញ ស្ថិតក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខបន្ទាយមានជ័យ. 1V-5346 ធ្វើដំណើរពីទិសខាងកើតទៅលិច បើកបរដោយឈ្មោះ ដឿ ណាដេត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែក មុខហាងលក់ម៉ូតូ ស៊ិញ ឈិញ ស្ថិតក្នុងភូមិស្រះជីក ឃុំស្រះជីក មានម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1J-2847 ជិះឌុបគ្នា ០២នាក់ បើកបរដោយឈ្មោះ ជិន សីហា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរឈ្មោះ លឿន លីន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិល្វៃ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើដំណើរពីជើងទៅត្បូងរួចប្តូរទិសពីកើតទៅលិចបានទាក់ដៃចង្កូតម៉ូតូហុងដាទ្រីម ឆ្នាំ២០២០ខាងស្តាំ បណ្តាលឲ្យអ្នកបើកបរឈ្មោះ ដឿ ណាដេត បោកក្បាលទៅនឹងចិញ្ចើមផ្លូវខាងឆ្វេងរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ចំណែកឈ្មោះ ជិន សីហា និងឈ្មោះ លឿន លីន រងរបួសស្រាល ទាំង០២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។
ប្រភពដដែលបានបញ្ជាក់ថា៖ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងម៉ូតូហុងដាទ្រីមឆ្នាំ២០២០ បើកបរក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ និងសង្ស័យស្រវឹង ឯភាគីខាងម៉ូតូហុងដាទ្រីមឆ្នាំ២០១៤ បើកបរខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព និងសង្ស័យស្រវឹងផងដែរ។ វត្ថុតាងម៉ូតូហុងដាទ្រីមឆ្នាំ២០២០ខូចខាតធ្ងន់ ម៉ូតូហុងដាទ្រីមឆ្នាំ២០១៤ខូចខាតស្រាល បច្ចុប្បន្នយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់