ស្ទឹងត្រែងៈ រថយន្តកាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿង ដែលគេស្គាល់ថាជារថយន្តរបស់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ម្នាក់ ឈ្មោះ ធឿន បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើ ដេកស្អាតដូចសត្វក្រដេរវិច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកព្រហៀម ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចទល់មុខផ្លូវចូលរមណីយដ្ឋានបក្សីមេគង្គ ស្ថិតក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
គាប់ជួនក្នុងថ្ងៃនេះដែរ គឺជាថ្ងៃ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញមកសម្ភោធស្នាក់ការច្រកទ្វាព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងផងដែរ។
អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក កាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-5761 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាម្ចាស់រថយន្តឈ្មោះ ធឿន តួនាទីមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកបរក្នុងល្បឿងលឿន ចេញពីទីរួមខេត្តឆ្ពោះទៅស្រុកសៀមប៉ាង។ ខណៈ មកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងតែម្នាក់ឯងតែម្តងទៅ ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរអ្វីនោះទេ។
ក្រោយពីកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្តស្ទូច មកស្ទូចយករថយន្តទៅជួសជុលនៅយានដ្ឋានយីហោ ជាង បុង ក្នុងក្រុងស្ទឹងត្រែងរួចរាល់ហើយ៕

















មតិយោបល់