ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យនិងសួរសុខទុក្ខប្រជាពលរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងស្រុកម៉ាឡៃ

បន្ទាយមានជ័យ​ ៖​ អភិបាលខេត្តបន្ទាយមានជ័យ​ លោក​ សួន​ បវរ​ និង​ លោក​ ឡាយ​ គឹមលី​សមាជិកយុវជនថ្នាក់កណ្តាលនិងជានាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី០៣ខែមេសានេះ​បានចុះទៅពិនិត្យស្ថានភាពនិងសួរសុខទុក្ខប្រជាពលរដ្ឋដែល​រងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងឃុំទួលពង្រស្រុកម៉ាឡៃ។​    

លោក​ តាំង​ សុខហេង​ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកម៉ាឡៃបានឲ្យpost newsដឹងថា​ មានប្រជាពលរដ្ឋចំនួន៣២គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងភូមិទួលប្រាសាទ​ ភូមិ​ទួលពង្រនិងភូមិខ្លាងាប់​ឃុំទួលពង្រ។​ហើយនៅក្នុងហេតុការណ៍នោះដែរ​ បុរសម្នាក់ឈ្មោះ​ ស៊ី​ នួន​ អាយុ៦៧ឆ្នាំ​ រស់នៅភូមិទួលប្រាសាទ​បានរងគ្រោះថ្នាក់ដោយរន្ទះបាញ់ខណះកំពុងអង្គុយនៅក្រោមផ្ទះជាមួយចៅស្រីតែមិនបណ្តាលឲ្យបង់ជីវិតនោះទេគឺគ្រាន់តែឆេះរោលសក់និងហឹងត្រចៀក។​សូមបញ្ជាក់ផងដែរថាផ្ទះមួយខ្នងក៏ត្រូវគ្រាប់រន្ទះដែលបុរសខាងលើផ្លាតត្រូវរយះបែកជាពីរផងដែរ។​

     ជួបជាមួយអ្នកយកពត៌មានលោក​ ម៉ាន់​ ហេន​ អាយុ​ ៥៨ឆ្នាំ​ រស់នៅភូមិខ្លាងាប់បានរៀបរាប់ថា​ នៅមុនពេលកើតហេតុមេឃមានភាពខ្មៅងងឹតដោយរកកលភ្លៀង​។​មួយសន្ទុះក៏មានខ្យល់យ៉ាងខ្លាំងបោកបក់មកលើផ្ទះរបស់គាត់​ ដោយគួចដំបូលបណ្តាលឲ្យរបើកស័ង្កសីទាំងស្រុងធ្លាក់មកដី​សង្កត់​លើរោងបាយ​ បែកចានឆ្នាំងនិងសំភារៈមួយចំនួ​ន។​

     ថ្លែងសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនាឱកាសនោះលោក​ សួន​ បវរ​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចគតិព្រឹទ្ធបណ្ឌឹតដែលជានិច្ចកាលលោកទាំងពីរតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។​ជាមួយនោះលោកអភិបាលខេត្តបានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងបីប្រភេទតែងចុះអន្តរាគមន៍រាល់សភាពការណ៍រងគ្រោះរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលាពិសេសចូលរួមរាល់សកម្មភាពជួសជុលសាងសង់លំនៅដ្ឋានជូនពលរដ្ឋក្រីក្រតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន។​

      លោក​ សួន​ បវរ​ សម្តែងនូវការសោកស្តាយចំពោះការខូចខាតនិងបាត់បង់នូវទ្រព្យសម្បត្តិរបស់បងប្អូននឹងបានធ្វើការ​អំពាវដល់ប្រជាពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយត្ន័បន្ថែមទៀតសំរាប់សមាជិកក្រុមគ្រួសារពិសេសក្មេងៗ​មិនត្រូវឲ្យរត់លេងនិងជ្រកក្រោមដើមឈើនៅពេលមានភ្លៀងម្តងៗ។​មិនតែប៉ុណ្ណោះ​សូមប្រុងប្រយត្ន័ចំពោះសុខភាព​ ត្រូវមានអនាម័យក្នុងការហូបចុក​ ផឹកទឹកឆ្អិននិងដេកក្នុងមុងជានិច្ច។​

      ជាមួយនោះលោកក៏បានឧបត្ថម្ភនូវសង្ក័សីចំនួន៥០០សន្លឹកបន្ថែមសំរាប់ជួសជុលផ្ទះដែលរងគ្រោះ​ព្រមទាំងគ្រឿងឧបភោគបរិភោគនឹងថវិកាមួយចំនួនទៀត៕

   
    
    
    
    
 

មតិយោបល់