ភ្នំពេញៈ ២ប្តីប្រន្ធនាក់នាំគ្នាមកទិញកំណាត់កាត់សម្លៀកបំពាក់សម្រាប់ការប្អូន ត្រូវរថយន្តកុងតឺន័របើកបុកកិនបណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មនៅតាមបណ្តោយផ្លូវជាតិលេខ៣។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង៦និង៥៥នាទីព្រលប់ថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ នៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះជាប្តីឈ្មោះ ប៉ុក ភក្តី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងកាត់សក់ មានភូមិកំណើតនៅស្រុកបាទី ខេត្តតាកែវ។ និងសពជនរងគ្រោះជាប្រពន្ធឈ្មោះ អឹង និមល ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ទើបនឹងឈប់ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ រថយន្តបង្កជារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-3983 បើកបរក្នុងទិសដៅពីត្បូងទៅជើង។
ចំណែកម៉ូតូជនរងគ្រោះខាងលើម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GV-9379 បើកក្នុងទិសដៅពីជើងទៅត្បូងជិះគ្នា២នាក់ប្តីប្រពន្ធ។
តាមប្រភពព័ត៌មានពីមិត្តភក្ដិសព ឈ្មោះ កឹម វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកាត់សក់ជាមួយគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ និងជនរងគ្រោះ(សព)ទាំង២នាក់ បាននាំគ្នាទៅទិញកំណាត់កាត់សម្លៀកបំពាក់នៅផ្សារអូឫស្សីទុកការប្អូន ហើយដោយចេញពីផ្ទះតាំងពីម៉ោង២រសៀលមកម្ល៉េះ។ លុះដល់ពេលល្ងាចប្រមាណមុនពេលកើតហេតុបានត្រឡប់មកវិញ ហើយជនរងគ្រោះទាំង២នាក់ខាងលើបានប្រញាប់ទៅមុន ដោយប្រាប់ថា ម្តាយខលមកថាកូនយំឲ្យប្រញាប់មកផ្ទះឲ្យលឿន ។ហើយនៅពេលកើតហេតុគាត់បានខលសួរជនរងគ្រោះខាងលើ ហើយស្រាប់តែគេប្រាប់តាមទូរសព្ទថា ម្ចាស់ទូរសព្ទខាងលើបានស្លាប់ទាំង២នាក់ប្តីប្រពន្ធបាត់ទៅហើយ ទើបគាត់ប្រញាប់ប្រញាល់មកកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា គេឃើញម៉ូតូរងគ្រោះខាងលើជិះម៉ូតូម៉ាកស្កុបពីខាងលើ២នាក់ប្តីប្រពន្ធជិះយ៉ាងលឿនក្នុងទិសដៅពី ជើងទៅត្បូងយ៉ាងលឿនបានវ៉ារថយន្តមិនចាំម៉ាកមួយគ្រឿងដែលជិះក្នុងទិសដៅស្របគ្នា ហើយម៉ូតូជិះទៅផ្នែក កណ្តាលផ្លូវ ស្រាប់តែឃើញរថយន្តកុងតឺន័រខាងលើបើកបុកចំពាក់កណ្ដាលបណ្តាលឲ្យជនរងគ្រោះទាំង២នាក់ត្រូវរថយន្តកិនបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ចំណែកឯរថយន្តបង្កខាងលើបានបើកចេញពីកន្លែងកើតហេតុប្រមាណជាង៥០ម៉ែត្រ ហើយបានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់ឲ្យជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែង និងយករថយន្តកុងតឺន័រព្រមទាំងម៉ូតូជនរងគ្រោះយកទៅរក្សាទុករង់ចាំការដោះស្រាយថ្ងៃក្រោយ។ ចំណែកសាកសពត្រូវសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ធ្វើលិខិតប្រគល់សាកសពឲ្យក្រុមគ្រួសារនៃសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់