រតនគិរីៈ រថយន្តស៊េរីទំនើប ម៉ាកធុនត្រា មួយគ្រឿងដែលត្រូវបានគេស្គាល់ថាជារថយន្តរបស់លោកស្រី ហឿង ខឿង អភិបាលស្រុកអូរជុំ បើកបរមិនគោរពច្បាប់ចរាចរណ៍ បុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ណាវ៉ារ៉ា បណ្តាលឲ្យរងការខូចខាត នៅបណ្តាលក្រុងបានលុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ទី១០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបួន ទល់មុខការ៉ាសសាំងតេលា ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្តណាវ៉ារ៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-1785 បើកបរតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ សេង ផាន់ណារ៉ា ភេទប្រុសមានទីលំនៅភូមិចែត្រ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ។រួមដំណើរជាមួយនឹងស្ត្រីជាប្រពន្ធឈ្មោះ ឈិន ម៉េងហឿន មុខរបរគ្រូបង្រៀននៅស្រុកបកែវ ដោយមានកូនម្នាក់នៅជាមួយផង។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-9217 របស់លោកស្រីអភិបាលស្រុកអូរជុំ បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន (ផ្លូវតូចបែកជាបួន) បានបុកទៅបុកជាមួយរថយន្ត ណាវ៉ារ៉ា ចំចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តណាវ៉ារ៉ាវិល៣ជុំ បែរក្បាលរថយន្តទៅទិសខាងលិច វិញខូចខាតយ៉ាងដំណំ ។ សំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ។
ក្រោយពេលកើតហេតុលោកស្រី អភិបាលស្រុកអូរជុំ ខាងលើបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកចុះមកអន្តរាគមន៍ធ្វើការវាស់វែង និងបាននាំយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕
មតិយោបល់