ភ្នំពេញៈ នេះជាសារអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការចាក់ដីឲ្យខ្ពស់ជាងផ្លូវថ្នល់ ដែលអាចបង្កបានជាទឹកដក់ជ្រាបចូលស្រទាប់គ្រឹះផ្លូវ បណ្ដាលឲ្យផ្លូវថ្នល់ឆាប់ខូចមុនអាយុកាល។ សារអំពាវនាវនេះ បានចេញផ្សាយនៅលើផេករបស់ក្រសួង នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មុននេះបន្តិច។
ផេកហ្វេសប៊ុកក្រសួងសាធារណការ បានសរសេរតាមការអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រីយ៉ាងដូច្នេះថា “សូមកុំចាក់ដីខ្ពស់ជាងផ្លូវថ្នល់ បង្កបានជាទឹកដក់ ជ្រាបចូលស្រទាប់គ្រឹះផ្លូវ ធ្វើឲ្យផ្លូវឆាប់ខូចមុនអាយុកាល”។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យផ្លូវជាតិលេខ៨ លេខ៧ និងលេខ៧៣ ដើម្បីពង្រឹងប្រសិទ្ធភាពផ្លូវថ្នល់ជូនប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលសាងសងលំនៅដ្ឋាន ឬ សំណង់អគាផ្សេងៗតាមដងផ្លូវសាធារណៈ សូមមេត្តាកុំចាក់ដីខ្ពស់ជាងផ្លូវថ្នល់ ពីព្រោះអាចបង្កឲ្យមានទឹកដក់ និងជ្រាបដល់គ្រឹះផ្លូវ និងអាចបណ្តាលឲ្យឆាប់ខូច បើទោះបីការស្ថាបនាផ្លូវត្រូវបានធ្វើប្រកបដោយគុណភាពល្អយ៉ាងណាក៏ដោយ៕
មតិយោបល់