ព័ត៌មានបច្ចេកវិទ្យា

Yahoo លក់ឱ្យ Verizon ហើយ! តែវាមិនស្លាប់ដូចពាក្យថានោះទេ

ក្រុមហ៊ុន Yahoo Inc. នឹងនៅតែជា Yahoo ដដែល ក្រោយពីវាត្រូវបានប្រកាសលក់ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ Verizon Inc. ហើយលោកស្រី Marissa Mayer នឹងនៅតែជានាយកប្រតិបត្តិក្រុមហ៊ុនដដែល រហូតដល់ថ្ងៃបិទបញ្ចប់ដំណើរការផ្ទេរ ឬក៏នឹងត្រូវនៅបន្តទៀតប្រសិនបើអាច។

ការផ្លាស់ប្តូរម្ចាស់ និងប្រមុខដឹកនាំក្រុមហ៊ុន មិនបានសេចក្តីថា Yahoo នឹងត្រូវស្លាប់នោះទេ គឺសេវាកម្ម Yahoo ទាំងប៉ុន្មាន នឹងនៅតែរក្សាដដែល បន្ទាប់ពីក្រុមហ៊ុនអិុនធើណែតយក្សមួយនេះ បានទម្លាយកិច្ចព្រមព្រៀងលក់អាជីវកម្មសំខាន់ៗរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Verizon នៅរសៀលថ្ងៃច័ន្ទ ដែលនាំឱ្យមានការយល់ខុសពីអ្នសំណាក់អ្នកប្រើប្រាស់បណ្តាញអិុនធើណែត និងអង្គភាពព័ត៌មានអនឡាញមួយចំនួន ដែលថា Yahoo នឹងលាចាក់លោកនោះ។ នេះបើយោងតាមការពន្យល់ឱ្យដឹងពីក្រុមហ៊ុន Altaba។

Yahoo ដែលអ្នកប្រើប្រាស់អីុនធើណែតទូទៅស្គាល់ថា ជាក្រុមហ៊ុនផ្តល់សេវាកម្មសារអេឡិចត្រូនិច អិុនធើណែត និងកីឡាល្បីៗនោះ គឺកំពុងឋិតក្នុងដំណើរការផ្ទេរអាជីវកម្មរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Verizon ក្នុងតម្លៃទឹកប្រាក់ ៤.៨ ពាន់លានដុល្លារ។ ដោយឡែក Verizon មិនបានថ្លែងជាផ្លូវការថា លោកស្រី Mayer នឹងបន្តដឹកនាំ Yahoo ដល់ពេលណា ហើយខ្លួននឹងដាក់ឈ្មោះថ្មីទៅឱ្យ Yahoo ឬដាក់បញ្ចូលវាជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ឬក៏យ៉ាងណានោះទេ ប៉ុន្តែ ក្រុមហ៊ុនពិតជាសង្ឃឹមថា នឹងអាចបន្តសេវាកម្មដ៏មានប្រជាប្រិយរបស់ក្រុមហ៊ុនមួយនេះ ក្រោមពាណិជ្ជនាមដដែល។
ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដ៏ធំរបស់អាមេរិកមួយនេះ បានបន្ថែមទៀតថា ដោយសារតែប្រជាប្រិយភាពនៃសេវាកម្មរបស់ Yahoo ទាំងនោះហើយ ទើបខ្លួនហ៊ានបោះទុនដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញយកវា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Verizon ទិញត្រឹមតែអាជីវកម្មស្នូលរបស់ Yahoo ប៉ុណ្ណោះ។ ក្រុមហ៊ុន Yahoo ដែលគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគដ៏ល្បីល្បាញឈ្មោះ Altaba នោះ នៅមានអាជីវកម្មច្រើនជាងនេះទៀត ជាអាទិ៍ ខ្លួនមានចំណែកហ៊ុនក្នុងក្រុមហ៊ុន Alibaba Group Holding Ltd. និង Yahoo Japan ព្រមទាំងអាជីវកម្មរាប់ពាន់លានដុល្លារផ្សេងទៀត ដែលមិនឋិតក្នុងចំណែកនៃកិច្ចព្រមព្រៀងដោះដូរជាមួយក្រុមហ៊ុន Verizon៕

ប្រភពព័ត៌មាន៖ marketwatch

មតិយោបល់