តៃកុងរថយន្តក្រុមហ៊ុន “ហុងលីហួ” ផឹក ABC អស់៦កំប៉ុង បើកបុកម៉ូតូ MSX ទាំងកំរោល ស្លាប់៣នាក់នៅនឹងកន្លែង

កណ្ដាលៈ យុវជន៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​យ៉ាងអាណោចអាធ័ម បន្ទាប់ពីពួកគេ​ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តធុនធំ របស់ក្រុមហ៊ុន “ហុងលីហួ” បើកបុកទាំងកំរោល ខណៈដែលអ្នកបើកបរផឹកABCអស់ចំនួន៦កំប៉ុង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ២៤-២៥ ស្ថិតនៅក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក​ម៉ាក ប៊ិឡាញ ពណ៌ស ពាក់ស្លាក​លេខកំពង់សោម 3A-1230 របស់​ក្រុមហ៊ុន “ហុងលីហួ” បើកបរក្នុងទិសដៅពីកើត​ទៅលិច (ភ្នំពេញទៅ​ក្រុងព្រះសីហនុ) លុះ​ដល់​ចំណុច​ខាង​លើ បាន​បើក​ជែង ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាក MSX ១២៥ ពណ៌ខ្មៅ គ្មានមួក គ្មានកញ្ចក់ គ្មានស្លាកលេខ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នាទាំងកំរោល បណ្ដាលឲ្យយុវជន៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលដាច់ខ្សែភ្លើង និងប្រេះបង្គោលភ្លើងថែមទៀតផង។

សមត្ថកិច្ចបានបន្តទៀតថា អ្នកបើកបររថយន្តបង្កឈ្មោះ កួន វិចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិដូនកែវ ឃុំសែនដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងព្រូ​ឈ្មោះ មុំ វលក្ខ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតាពៅ ស្រុកវ៉ារិន ខេត្តព្រះសីហនុ។ ចំណែកយុវជនរងគ្រោះទី១.ឈ្មោះ លី ណារ៉ុង អាយុ២៣ឆ្នាំ មុខរបរកម្មករ ទី២.ឈ្មោះ តូ រ៉ូ អាយុ២១ឆ្នាំ និងទី៣.ឈ្មោះ ឃឿន រ៉ា អាយុ២៣ឆ្នាំ ទាំងអ្នក៣ រស់នៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយកើតហេតុ កម្លាំងជំនាញចុះទៅធ្វើការ​វាស់វែង និងឃាត់ខ្លួនអ្នកបើកបរ រួមទាំងព្រូ យកមក​អធិការដ្ឋាននគរបាលខេត្ត ដម្បី​រង់ចាំដោះស្រាយពេលក្រោយ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការឆ្លើយរបស់អ្នកបើកបរបានប្រាប់​ថា ខ្លួនបានហូបABC អស់៦កំប៉ុង៕

មតិយោបល់