ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យទទួលផលចោរកម្ម និងកាន់កាប់គ្រឿងផ្ទុះដោយខុសច្បាប់

កណ្តាលៈ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់ការិយាល័យជំនាញចំណុះបញ្ជាការដ្ឋាន អង្គភាពកងរាជអាវុធហត្ថក្រុង ស្រុក ត្រូវស្វះសែ្វងរកបទល្មើស និងបង្រ្កាបបទល្មើសជាក់ស្តែងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម សុខសំណាង ហៅយ៉យ ភេទប្រុស អាយុ៣៨ឆ្នាំ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន និងករណីលួច។ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។

នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូជាច្រើនដងមកហើយ ហើយបានយកម៉ូតូទាំងនោះ ទៅលក់ឲ្យឈ្មោះ សុំ សៀប រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តកណ្តាល។

ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាខេត្តកណ្តាល និងព្រះរាជអាជ្ញាខេត្តតាកែវ ព្រមទាំងមានការចូលរូមពីអាជ្ញាធរមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ទូច អ៊ីណាន បានបន្តចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សុំ សៀប នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មុខរបរទិញ-លក់ម៉ូតូខុសច្បាប់ និងដាប់ឈូសលេខម៉ូតូខុសច្បាប់ បានឆ្លើយសារភាពថា ខ្លួនបានរកស៊ីទិញ លក់ម៉ូតូ ដាប់ឈូសលេខខុសច្បាប់ អស់រយៈពេល២ឆ្នាំមកហើយ រាល់ម៉ូតូដែលគេយកមកលក់ឲ្យខ្លួនជាម៉ូតូឆបោក លួច ប្លន់ ហើយពុំមានធ្វើលិខិតស្នាម។

ក្នុងការបង្រ្កាបបទល្មើសទទួលផលចោរកម្មនេះ លោកវរសេនីយ៍ទោ ពក សាង បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាលបានដកហូតវត្ថុតាងរួមមាន៖ ស្លាកលេខម៉ូតូ ១០១បន្ទះ ស្លាកលេខរថយន្ត ២បន្ទះ កូនសោម៉ូតូ ២៥ បន្ទះកុងទ័រម៉ូតូ ៥បន្ទះ ប្រដាប់កឹប ប្រដាប់កែច្នៃឈូសលេខម៉ូតូមួយចំនួន គ្រាប់អាវុធខ្លី ២០គ្រាប់ បណ្ណសំគាល់យានយន្ត ៤៨សន្លឹក អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១៣សន្លឹក និងបណ្ណបើកបរ ៣សន្លឹក។

ក្នុងនោះដែរលោកវរសេនីយ៍ទោ ពក សាង បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលបាត់បង់ម៉ូតូ កាតគ្រី អត្តសញ្ញាណបណ្ណ មកដាក់ពាក្យបណ្តឹងនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យ សុំ សៀប បន្ថែមទៀត ក្នុងការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធី៕

មតិយោបល់