ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀននៅអង្គតាសោម ឃាត់ខ្លួនមុខសញ្ញា៥នាក់

តាកែវៈ ដោយមានបញ្ជាពីស្នងការ និងមានការសម្របសម្រួលរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្ដិ៍អង្គតាសោម និងប៉ុស្ដិ៍លាយបូរ បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់សារធាតុមួយកន្លែង នៅចំណុចកុងស៊ីកាប់ជ្រូក ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនមុខសញ្ញា៥នាក់។

មុខសញ្ញាទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ព្រីង ខុងយ៉ាហ្យូ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអង្គតាសោម ជាមុខសញ្ញាចែកចាយដ៏សកម្ម។ ទី២-ឈ្មោះ ផុន សាន់ ហៅម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃឈើ​ទាល ឃុំអង្គតាសោម ជាមុខសញ្ញាចែកចាយដ៏សកម្ម។ ទី៣-ឈ្មោះ យ៉ាង កុសល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអំពិល ឃុំលាបូរ ជាអ្នកចែកចាយ។ទី៤-ឈ្មោះ ជិន ភិរម្យ ភេទប្រុស អាយុ៣០ឆ្នាំ រសីនៅភូមិអង្គតាកុប ឃុំលាបូរជាអ្នកប្រើប្រាស់ប្រចាំ។ ទី៥-ឈ្មោះ ជន ភារិត ភេទប្រុស អាយុ៣២ឆ្នាំ រសីនៅភូមិតាភេម ឃុំតាភេម ជាអ្នក​ប្រើប្រាស់ប្រចាំ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សចំនួន១៧កញ្ចប់ -ទូរសព្ទ២គ្រឿង -ម៉ូតូ៣គ្រឿង -សម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង៥ រួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាក់ការតាមនីតិវិធីច្បាប់៕

មតិយោបល់