ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយ ៨០ម៉ឺនយន់ (ប្រមាណ១១ម៉ឺនដុល្លារអាមេរិក) ដល់ក្រសួងការបរទេសកម្ពុជា ដើម្បីទិញសំភារៈការិយាល័យបន្ថែមទៀតសម្រាប់ឆ្នាំ២០១៦។
ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នេះ បានធ្វើឡើងខណៈលោក អនុញ្ញាតឲ្យ លោក ស្យុង បូរ (Xiong Bo) ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអសាទចំពោះលោក លោក Xiong Bo ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ហើយលោកបានជឿជាក់ថា លោក Xiong Bo នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែល្អថែមទៀត ។ ជាមួយគ្នានោះលោកបានបានរំលឹកពីដំណើទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិននិងដំណើទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជាកន្លងមកផងដែរ។
លោក ជុំ សុន្ទរី បានលើកឡើងទៀតថា នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ផងដែរ ពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលសំរាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលត្រូវរៀបចំនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ក៏ដូចជាការត្រៀមរៀបចំកិច្ចប្រជុំលើកទី២ មេគង្គ-ឡានឆាង ដែលត្រូវរៀបចំនៅថ្ងៃទី២២ និង២៣ ខែធ្នូ ខាងមុខនៅសៀមរាប។
ចំណែកលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បន្ទាប់ពីពិធីប្រគល់សំភារៈថា សំភារៈការិយាល័យដែលទទួលបាននាពេលនេះរួមមានកុំព្យូទ័រចំនួន២០គ្រឿង, កុំព្យូទ័រយូដៃចំនួន១០គ្រឿង, ម៉ាស៊ីនថតចម្លងចំនួន៣គ្រឿង, ម៉ាស៊ីនព្រីនចំនួន៣០គ្រឿង, ម៉ាស៊ីនស្កែនចំនួន១០គ្រឿង, ទូរស័ព្ទលើតុចំនួន១០០គ្រឿង, LCD Project ចំនួន២គ្រឿង, ម៉ាស៊ីនត្រជាក់ចំនួន៥គ្រឿង និងឧបករណ៏ Server ចំនួន១គ្រឿង។លោកបន្តថា សំភារៈទាំងនេះបានឆ្លយតបទៅនឹងតម្រូវការរបស់ក្រសួងក្នុងការចូលរួមចំណែកធ្វើការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ក្រៅពីសំភារៈខាងលើនេះ ចិនបានប្រកាសផ្តល់ជំនួយ ៨០ម៉ឺនយន់ (ប្រហែល១១ម៉ឺនដុល្លារអាមេរិក) ដល់ក្រសួងការបរទេស ដើម្បីទិញសំភារៈការិយាល័យបន្ថែមទៀតសម្រាប់ឆ្នាំ២០១៦ផងដែរ។
ជាមួយនិងការលើកឡើងខាងលើនេះ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសកម្ពុជា ជាពិសេសជួយដល់ក្រសួងការបរទេសចាប់តាំងពីឆ្នាំ២០១១មក ហើយលោកបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយអភិវឌ្ឍន៏នានាដល់កម្ពុជា។ លោកបន្តថា មកដល់ពេលនេះក្នុងការទំនាក់ទំនងល្អនឹងគ្នាលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចររណ៍ជាដើម ហើយលោកថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែល្អប្រសើរ និងកាន់តែខ្លាំងក្លាបន្ថែមថែមទៀត ហើយចិននៅតែជាមិត្តល្អ និងអ្នកជិតខាងល្អជាមួយកម្ពុជាគ្មានថ្ងៃកែប្រែឡើយ៕



មតិយោបល់