ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៣-១៧ មករា ខាងមុខនេះ រាជធានី និងបណ្ដាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន

ភ្នំពេញ:ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ភ្លៀងនឹងបន្តធ្លាក់ចុះពីមធ្យមទៅច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ដូច្នេះសូមឲ្យក្រសួងស្ថាប័ន អាជ្ញាធរដែនដី និងសាធារណជនបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង។

ដោយសម្ពាធទាបនេះ នឹងវិវត្តទៅជាវិសម្ពាធ​ ឬព្យុះទី១ឈ្មោះ​MUIFA ហើយនៅយប់ថ្ងៃទី ១៣ ខែមករា វានឹង​ធ្វើ​ដំណើរមកដល់ក្បែរ​ឆ្នេរ​ភាគអាគ្នេយ៍ប្រទេសវៀតណាម។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងនៅថ្ងៃទី១១ ខែមករា នេះថា

១-រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កណ្ដាល កំពង់ស្ពឺ និងខេត្តតាកែវ អាចនឹង​មានភ្លៀង​ធ្លាក់ពីមធ្យមទៅច្រើ ចាប់ពីយប់ថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០១៧។

២-ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្តបន្ទាយ​មានជ័យ អាចនឹង​មានភ្លៀង​ធ្លាក់​ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី​១៤-១៦ ខែមករា ឆ្នាំ២០១៧។

៣-ខេត្តកំពត កែប ព្រះសីហនុ និងមួយផ្នែកនៃខេត្តកោះកុង អាចនឹង​មានភ្លៀង​ធ្លាក់​ពីមធ្យម​ទៅច្រើន ចាប់ពីថ្ងៃទី​១៣-១៧ ខែមករា ឆ្នាំ២០១៧៕

មតិយោបល់