ព័ត៌មានជាតិ

សាហាវ! ដេញបង្ក្រាបមុខសញ្ញាឆក់កាបូប សមត្ថកិច្ចបាញ់ប្រហារមួយគ្រាប់ធ្លាយពោះម្នាក់!

ភ្នំពេញ: ជនសង្ស័យម្នាក់ កំពុងជិះម៉ូតូជាមួយនឹងបក្ខពួក ត្រូវបានកម្លាំងសមត្ថកិច្ចនិងជនរងគ្រោះ ធ្វើការដេញតាមបង្ក្រាប បន្ទាប់ពីតាមដានតាមប្រពន្ធicloud តាមរយ:ទូរសព្ទដែលជនសង្ស័យធ្វើសកម្មភាពឆក់យកទៅ រកឃើញក៏ដេញបង្ក្រាប រហូតឈានដល់ការផ្ទុះអាវុធពីសំណាក់កម្លាំងសមត្ថកិច្ច ទៅលើជនសង្ស័យមួយគ្រាប់ត្រូវចំអ្នកឌុប បណ្តាលឲ្យធ្លាយពោះបាញ់ឈាមរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង ១០នាទីយប់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរផ្ទះសំណាក់ស្រែខ្ញុំ ក្រោយវិទ្យាល័យសន្ធរមុខ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សៀន សិលា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកZoomer-X ពាក់ស្លាកលេខ 1CQ -0393 ។

ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ នាងបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅរកទិញអីហូប នៅម្ដុំសាលាសន្ធរម៉ុក ខណ:ជិះមកដល់ចំណុចក្រោយសាលាសន្ធរមុខ ស្រាប់តែមានជនសង្ស័យ ៤នាក់ ជិះម៉ូតូចំនួន២ម៉ូតូ រួមមានម៉ាកស៊ុយសាគីនិច និងម៉ាកSL បានជិះមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់នារីជនរងគ្រោះយកទៅដោយសុវត្ថិភាព។ដោយក្នុងកាបូបនោះរួមមាន ទូរសព្ទដៃម៉ាក IPhone 6Plus មួយគ្រឿង, លុយ៥០ដុល្លារ និងដុំសាកថ្មចំនួន១។

ជនរងគ្រោះបានបន្តថា ដោយសារតែទូរសព្ទរបស់នាងដែលនៅក្នុងកាបូបនេះ ជាប់ប្រព័ន្ធ Fine my phone រឺអាចហៅបានថា iCloud នេះជាប្រពន្ធ័តាមដានដែលមាននៅលើទូរសព្ទម៉ាកIPhone ហើយពេលដែលមានការបាត់បង់គ្រាន់តែបើកប្រព័ន្ធនេះ នឹងអាចតាមដានដឹងថាទូរសព្ទរបស់យើងនៅកន្លែងណា ទើបនាងបានតាមដានទូរសព្ទរបស់នាងតាមប្រព័ន្ធនេះ ហើយក៏ដឹងថាជនសង្ស័យនៅកន្លែងណា។ ក្រោយមករូបនាងបានហៅអ្នកផ្ទះរបស់នាង៤ទៅ៥ នាក់ និងបានរាយការណ៍ទៅសមត្ថកិច្ចផងដែរ ដើម្បីតាមចាប់ជនសង្ស័យតាមប្រព័ន្ធតាមដាន ដែលបានភ្ជាប់ក្នុងទូរសព្ទរបស់នាង។ លុះពេលតាមដានរហូតដល់ជិតកន្លែងចាប់បានជនរងគ្រោះ ក៏ប្រទះឃើញជនសង្ស័យ ក៏នាំគ្នាដេញចាប់ជាមួយសមត្ថកិច្ច តែជនរងគ្រោះមិនបានបញ្ជាក់ថា សមត្ថកិច្ចដែលធ្វើការប្រដេញចាប់ជាមួយនេះ មកពីខណ្ឌណានោះទេ! លុះមកដល់ចំណុចផ្លូវចូលក្នុងបុរីអង្គរភ្នំពេញ ព្រំប្រទល់ខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខ សមត្ថកិច្ចដែលប្រដេញនោះ បានដកកាំភ្លើងខ្លីបាញ់សំដៅជនសង្ស័យដែលជិះម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំ 1A -5301 ជិះគ្នា២នាក់ ដោយបាញ់ចំអ្នកឌុប បណ្ដាលឲ្យចំបញ្ឆិតពោះខាងស្ដាំ ដួលម៉ូតូទៅលើដងផ្លូវ ចំណែកជនសង្ស័យម្នាក់ ដែលជិះពីក្រោយបានលោតចូលក្នុងទឹកប្រឡាយដែលនៅអមផ្លូវខាងលើនៅដើម្បីគេចខ្លួនបាត់។ ចំណែកឯម៉ូតូបក្ខពួករបស់គេមួយគ្រឿងទៀត បានជិះរត់គេចខ្លួន ជាមួយនិងកាបូបជនរងគ្រោះបាត់ទៅដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍នេះដែរ មានប្រជាពលរដ្ឋជាច្រើន មកចោមរោមមើលជនសង្ស័យខាងលើនេះ និងខ្លះទៀតបាននាំគ្នារកមើលជនសង្ស័យម្នាក់ទៀតដែលបានលោតចូលក្នុងប្រឡាយនោះផងដែរ។

ជនសង្ស័យខាងលើមានឈ្មោះ អា ឆុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយពេលកើតហេតុជនសង្ស័យដែលរងរបួសនោះ ត្រូវបានសមត្ថកិច្ចទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យកាល់ម៉ែត យកទៅព្យាបាល ហើយចំណែកវត្ថុតាងម៉ូតូមួយគ្រឿងនោះត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកមកយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់