ព័ត៌មានជាតិ

Update៖ បើកម៉ូតូវ៉ារថយន្តជ្រុលទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវ ផ្លោងស្ត្រី២នាក់មីងក្មួយ ត្រូវរថយន្តបុកស្លាប់ និងម្នាក់របួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះឌុបម្តាយមីងនៅខាងក្រោយ ក្នុងល្បឿលឿន វ៉ារថយន្តមួយគ្រឿងជ្រុលទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវ បណ្តាលឲ្យដួលខ្ទាតទាំង២នាក់មីងក្មួយទៅចំណែកផ្លូវម្ខាងទៀត បណ្តាលឲ្យស្ត្រីជាមីង ត្រូវរថយន្តដឹកអ្នកដំណើរ១២កៅអីបុកស្លាប់ភ្លាមៗ រីឯក្មួយប្រុសរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះស្ពានទី៩ ទី១០ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ស៊ុយសាគីលែត ពណ៌សលាយខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1P-6025 បើកបរដោយបុរសម្នាក់ ជិះឌុបស្ត្រីម្នាក់ជាម្តាយមីង នៅខាងក្រោយ ក្នុងល្បឿនលឿនទិសដៅពីកំពង់ចាមឡើងមកភ្នំពេញ លុះបានមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានបើកវ៉ារថយន្តមួយគ្រឿងទៀតតែមិនផុត ក៏ជ្រុលទៅបុកនឹងខឿនសួនច្បារចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យស្ត្រីជាមីងផ្លោងពីចំណែកផ្លូវម្ខាង ទៅផ្លូវម្ខាងទៀតស្របពេលនោះ ក៏មានរថយន្តហ៊ីយ៉ាន់ដាយ ដឹកអ្នកដំណើរ១២កៅអី ពណ៌កណ្តុលប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 3A-3385 មួយគ្រឿងដែលកំពុងបើកបរនៅចំណែកផ្លូវម្ខាងទៀតក្នុងទិសដៅបញ្ច្រាសទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកស្ត្រីរងគ្រោះពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ចំណែកអ្នកបើកបរម៉ូតូជាក្មួយផ្លោងទើនៅលើខឿនសួនច្បារ រងរបួសធ្ងន់។ រីឯអ្នកបើកបររថយន្តដឹកអ្នកដំណើរ បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកធ្វើការពិនិត្យ និងវាស់វែង ដោយបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វ់ការវាស់វែងនាំយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់