អាមេរិកៈ នៅក្នុងសន្និសីទកាសែតលើកដំបូង ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ ចំពោះការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅរបស់រុស្ស៊ី ប៉ុន្តែលោកបានអះអាងថា បើទោះបីជាលោក ពូទីន បានគាំទ្ររូបលោកក៏ពិតមែន ក៏លោកនឹងនៅតែម៉ឹងម៉ាត់ចំពោះមេដឹកនាំរុស្ស៊ី ជាជាងបេក្ខភាពខាងគណបក្សប្រជាធិបតេយ្យ លោកស្រី គ្លីនតុន នៅលើឆាកអន្តរជាតិទៅទៀត។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។
លោក ត្រាំ បានលើកទ្បើងថា« មិនមែនរុស្ស៊ីតែមួយគត់ទេ ដែល Hack ចំពោះការបោះឆ្នោតអាមេរិក ប៉ុន្តែមានប្រទេសដទៃ និងអ្នកផ្សេងទៀតផងដែរ ដោយលោកបានចោទប្រកាន់បញ្ហាទាំងនេះកើតទ្បើង គឺមកពីគណបក្សប្រជាធិបតេយ្យ មិនមានវិធានការទប់ស្កាត់ឲ្យបានល្អ ពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត» ។
ក្នុងនោះដែរ លោក ត្រាំ បានសួរថា «តើអ្នកជឿទេថា លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងម៉ឹងម៉ាត់ជាងខ្ញុំនោះ? ខណៈដែលលោកបានបដិសេធថា ខ្លួនមិនទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុពីប្រទេសរុស្ស៊ីនោះទេ ដោយលោកនិយាយថា ខ្ញុំមិនមានកិច្ចព្រមព្រៀងណាមួយនិងរុស្ស៊ីទេ ហើយក៏មិនមានកិច្ចព្រមព្រៀង ឬការជាប់បំណុលណាទ្បើយជាមួយរុស្ស៊ី»៕
មតិយោបល់