ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់

កណ្តាល: ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ធ្វើការចាប់ខ្លួនពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀន១៥កញ្ចប់ កាលពីវេលាម៉ោង១និង៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ទី១-ឈ្មោះ ប៉ាល់ ឆាង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល។ ទី២-ឈ្មោះ វ៉ាន ស៊្រាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរកសិករ។ទី៣-ឈ្មោះ ហ៊ិន គឹមសុង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ទី៤-ឈ្មោះ ពួក ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុ
ញៀន (ម៉ាទឹកកក)ចំនួន១៥ កញ្ចប់តូច,ទូរសព្ទដៃ៥គ្រឿង, ឧបករណ៍កែច្នៃសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1N-6156 ចំនួន១គ្រឿង,ប្រាក់រៀលចំនួន ៨,០០០រៀល។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានល្បាតក្នុងភូមិសាស្ត្រដោយបានទទួលព័ត៌មានពីមហាជនថា មានមុខសញ្ញាសង្ស័យ២នាក់ឈ្មោះ ប៉ាល់ ឆាង និងឈ្មោះ វ៉ាន ស៊្រាង បានប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅចំណុចភូមិឃុំកើតហេតុខាងលើ ពេលនោះកម្លាំងជំនាញបានចុះដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យឈ្មោះ ប៉ាល់ ឆាង និង វ៉ាន ស៊្រាន រួមជាមួយនិងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននៅក្នុងផ្ទះ វ៉ាន ស៊្រាន។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ខាងលើមកកាន់អធិការដ្ឋានដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួន
ពិតជាបានប្រើប្រាស់គ្រឿងញៀនជាមួយគ្នាជាញ៉ឹកញាប់មែន ហើយលើកចុងក្រោយទើបតែជក់អស់មុនពេលសមត្ថកិច្ចទៅដល់។ ថ្នាំញៀននោះទៀតសោតគឺពួកខ្លួនតែងតែទៅទិញយកមកពីឈ្មោះ ហ៊ិន គឹមសុង(ហៅ ពៀច) ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

តាមចម្លើយសារភាពរបស់ឈ្មោះ ប៉ាល់ ឆាង និងឈ្មោះ វ៉ាន ស៊្រាន សមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតជួបឈ្មោះ ហ៊ិន គឹមសុង(ហៅ ពៀច) នៅវេលាម៉ោង៣និង ៣០នាទីរសៀលថ្ងៃដដែល ពេលនោះឈ្មោះ ហ៊ិន គឹមសុង បានសារភាពថា រូបខ្លួនពិតជាបានលក់ និងចែកចាយគ្រឿងញៀនឲ្យទៅឈ្មោះ ប៉ាល់ ឆាង និងអ្នកផ្សេងទៀតពុំស្គាល់ឈ្មោះប្រាកដមែន ហើយថ្នាំញៀនដែលខ្លួនលក់នោះគឺតែងតែ ទិញយកមកពីឈ្មោះ ពួក ប៊ុនធឿន ភេទប្រុស នៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល តាមរយ:ទូរសព្ទ។ ជនសង្ស័យ ហ៊ិន គឹមសុង បានបន្តទៀតថា រូបខ្លួនក៏ទើបតែបានទូរសព្ទកម្ម៉ង់ទិញថ្នាំញៀនពីឈ្មោះ ពួក ប៊ុនធឿន២០កញ្ចប់ផងដែរ។

ក្រោយមកសមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ ហ៊ិន គឹមសុង ដើម្បីនៅរង់ចាំឈ្មោះ ប៊ុនធឿន គ្រឿងញៀនមករហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល ទើបជនសង្ស័យ ពួក ប៊ុនធឿន បានជិះម៉ូតូមកដល់ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ពួក ប៊ុនធឿន និងឆែកឆេររកឃើញថ្នាំញៀនចំនួន១៥កញ្ចប់តូច នៅក្បែរម៉ូតូដែលជនសង្ស័យបោះចោល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ប៊ុន ធឿន បានសារភាពថា ថ្នាំញៀនចំនួន ១៥កញ្ចប់តូច ខាងលើគឺពិតជារបស់ខ្លួនបានយកមកលក់ឲ្យឈ្មោះ ហ៊ិន គឹមសុង (ហៅ ពៀច) ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់