កណ្ដាលៈ កម្លាំងនគរបាលរដ្នបាលប៉ុស្តិ៍ឈើទាល ស្រុកកៀនស្វាយ កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧បានដឹងនាំកម្លាំងចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងនៅចំណុចផ្ទះឈ្មោះ ថៃ សុខុម ភេទស្រី អាយុ៣៥ឆ្នាំ (ពិការខ្វិនជើង) ស្ថិតក្នុងភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល។
នគរបាលរដ្នបាលប៉ុស្តិ៍ឈើទាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងមិនបានធ្វើការឃាត់ក្រុមអ្នកញៀនល្បែងឡើយ ព្រោះពួកគេដឹងខ្លួន ហើយរត់គេចខ្លួនអស់ គ្រាន់តែកម្លាំងដកហូតវត្ថុតាងរួមមាន៖ បៀ១ហ៊ូ ប្រាក់១.០០០រៀល និងកម្រាលភួយ១ប៉ុណ្ណោះ។
នគរបាលរដ្នបាលប៉ុស្តិ៍ឈើទាលបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខាងលើនេះ គឺធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ទើបពេលកម្លាំងចុះទៅដល់អ្នកលេងល្បែងបានរត់គេចខ្លួន នៅសល់តែម្ចាស់ផ្ទះ រួមទាំងវត្ថុតាង។
ក្រោយកើតហេតុឈ្មោះ ថៃ សុខុម ដែលជាម្ចាស់ផ្ទះ ត្រូវសមត្ថកិច្ចធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យា ឈប់ផ្ដល់ទីតាំងសម្រាប់លេងល្បែងស៊ីសងទៀត៕
មតិយោបល់