ព័ត៌មានសុខភាព

អាហារដែលជួយពន្លូតកម្ពស់ និងធ្វើឲ្យឆ្អឹងរឹងមាំ

តើអ្នកចង់បានរាងខ្ពស់ស្រឡះ ហើយមានឆ្អឹងរឹងមាំដែរឬទេ? វាមិនមែនជារឿងពិបាកនោះទេ ប្រសិនបើអ្នកចេះស្វែងយល់ឲ្យបានច្បាស់ពីរបបអាហារប្រចាំថ្ងៃ។ សមាសធាតុដែលអាចជួយពន្លូតកម្ពស់ និងធ្វើឲ្យឆ្អឹងរឹងមាំមាននៅក្នុងទឹកដោះគោ ស៊ុត ព្រមទាំងអាហារមួយចំនួនទៀត។ ខាងក្រោមនេះគឺ ជាអាហារមួយចំនួនដែលអ្នកគួរតែទទួលទានជាប្រចាំ៖

ទឹកដោះគោយ៉ាអួ និងទឹកដោះគោស្រស់
ការទទួលទានទឹកដោះគោ១កែវ អ្នកនឹងទទួលបានវីតាមីន D ព្រមទាំងបរិមាណនៃ នៃជាតិកាល់ស្យូមដែលចាំបាច់បំផុតសម្រាប់រាងកាយ។ ព្រោះទឹកដោះគោស្រស់ ចំនួន២៥០មីលីលីត្រ មានផ្ទុក៩០កាឡូរី និងជាតិកាល់ស្យូម៣០ភាគរយ។ ហេតុនេះ នៅពេលទទួលទាន អ្នកត្រូវជ្រើសប្រភេទទឹកដោះគោដែលមានផ្ទុកវីតាមីន D ដើម្បីជម្រុញដល់ការលូតលាស់នៃឆ្អឹង។

ត្រីសាឌីន(Sardines) និងស៊ុត
គ្រាន់តែត្រីសាឌីនតូចមួយមានផ្ទុកបរិមាណដ៏ច្រើនបំផុតនៃវីតាមីន D និងកាល់ស្យូម សម្រាប់ជួយដល់ការលូតលាស់ និងធ្វើឲ្យឆ្អឹងរឹងមាំ។ ចំណែកឯស៊ុតមាន ៦ ភាគរយនៃវីតាមីន D ដែលរាងកាយរបស់យើងត្រូវការជារៀងរាល់ថ្ងៃ។ ជាពិសេស ស៊ុតពណ៌លឿងសម្បូរទៅដោយវីតាមីន D ដែលល្អសម្រាប់ឆ្អឹង។

ត្រីសាម៉ុន(Salmon) និងត្រីធូណា(tuna)

ត្រីសាម៉ុន និងត្រីធូណា សម្បូរទៅដោយជាតិខ្លាញ់ដែលត្រូវបានគេទទួលស្គាល់ថា ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានផលល្អសម្រាប់រាងកាយ។ តើអ្នកដឹងទេថា ត្រីធូណាប្រហែលជា៨៥ក្រោម មានផ្ទុកវីតាមីនDចំនួន ៣៩ភាគរយ និងត្រីសាម៉ុន៨៥ក្រាម មានផ្ទុកវីតាមីនDដល់ទៅ ១០០ភាគរយ។

ឈីស (Cheese)

បើទោះជាឈីសមានជាតិកាល់ស្យូម ប៉ុន្តែអ្នកមិនគួរបរិភោគច្រើនពេកនោះទេ។ គ្រាន់តែឈីសទម្ងន់ ៤២,៥ ក្រាម មានផ្ទុកជាតិកាល់ស្យូមចំនួន៣០ភាគរយ ច្រើនជាងចំនួនចាំបាច់នៃជាតិកាល់ស្យូម ដែលយើងត្រូវក្នុងមួយថ្ងៃ។ ឈីសក៏មានបរិមាណតិចមួយនៃវីតាមីន D ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គងរាងកាយឡើយ ដូច្នេះអ្នកគួរតែស្វែងរកវីតាមីន D ពីប្រភពផ្សេងទៀតដើម្បីបង្គ្រប់។

ទោះជាយ៉ាងណា អ្នកកុំភ្លេចហាត់ប្រាណជាប្រចាំផងដែរ ដើម្បីពង្រឹងឲ្យរាងកាយកាន់តែមានភាពរឹងមាំ៕

មតិយោបល់