ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងបានឱ្យដឹងថា លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ម្សិលមិញ បានសម្រេចបញ្ជូនស្ត្រីជនជាតិចិនម្នាក់ឈ្មោះ ZHANG XUE QIN អាយុ៣៥ឆ្នាំ ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន។ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីសង្ស័យត្រូវបានលោក សៀង សុខ ចោទប្រកាន់ ពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ប៉ុន្តែស្ត្រីរូបនោះមិនត្រូវបានបញ្ជូនទៅពន្ធនាគារនោះទេ។
បើយោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបានចែងថា ការរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ឬច្រើនជាងនេះទៅតាមប្រភេទ និងចំនួនគ្រឿងញៀន។
ពាក់ព័ន្ធនឹងករណីនេះ យើងមិនអាចសុំការបញ្ជាក់ពីលោក សៀង សុខ តំណាងអយ្យការ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយលោកទាំង២ មិនបានឆ្លើយតបសំណួរតាមបណ្តាញទំនាក់ទំនង Telegram ដូចសព្វមួយដងនោះទេ។ ដោយលោក លី សុផាណា បានបញ្ជាក់តាមទូរសព្ទថា លោកមិនបានដឹងទេ ព្រោះលោកត្រូវមានបេសកកម្មទៅបរទេសឱ្យសួរទៅលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងក្រុងភ្នំពេញវិញ។
គួររំលឹកថា ជនសង្ស័យមានឈ្មោះ ZHANG XUE QIN ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋាន សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងកាស៊ីណូណាហ្គាវើល សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្រាដែលស្ត្រីសង្ស័យព្យាយាមយគ្រឿងញៀនប្រភេទម្ស៉ៅ Ketamine ចំនួន ១១.៨៩ក្រាម និងប្រភេទទឹក អ៊ិចស្ដាស៊ី (MDMA) ០៣ដប ចំណុះ ៦០ml ទម្ងន់ប្រហែល៦០ក្រាម ចូលទៅក្នុងកាស៊ីណូ ណាហ្គាវើល៕
https://youtu.be/vtjE65pWQhA



មតិយោបល់