ភ្នំពេញៈ បុរសជាអ្នកលក់ភេសជ្ជៈដឹកតាមរ៉ឺម៉កម៉ូតូម្នាក់ ត្រូវបានម្ចាស់រថយន្តនាំគ្នាវាយទ្រមខ្លួន ដោយសាររូបគាត់ជិះរ៉ឺម៉កម៉ូតូប៉ះជាមួយរថយន្តកាមរីហាយប៊្រីដ ដែលម្ចាស់ចតលើចិញ្ចើមផ្លូវនៅមុខផ្ទះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវព្រះមុន្នីរេត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈផ្លូវកំពុងកកស្ទះនៅចំណុចខាងលើ ដោយម្ចាស់រថយន្ត និងជាម្ចាស់ផ្ទះបានចតរថយន្តទុកលើចញ្ចើមមុខផ្ទះ ស្របពេលនោះក៏មានបុរសម្នាក់ជាអ្នកលក់ភេសជ្ជៈតាមរ៉ឺម៉កម៉ូតូ បានបើកកៀរគូថរថយន្តផ្នែកខាងក្រោយ បណ្ដាលឲ្យរលាត់ថ្នាំបន្តិចបន្តូច ហើយម្ចាស់រថយន្តក៏ស្រែកឲ្យបុរសខាងលើនោះឈប់ដោះស្រាយគ្នា ប៉ុន្តែដោយស្ថានភាពផ្លូវចង្អៀតបុរសនោះ ក៏បានរកកន្លែងគួរសមសម្រាប់ចតរ៉ឺម៉ករបស់ខ្លួន ប៉ុន្តែម្ចាស់រថយន្តស្មាន់តែបុរសខាងលើនេះ បើករ៉ឺម៉ករត់ ក៏នាំគ្នាដេញចាប់ និងវាយបណ្ដាលឲ្យទ្រមខ្លួន និងបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរឈប់មើលគ្រប់គ្នា។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ។ បន្ទាប់មកម្ចាស់រថយន្តទាមទារសំណង៥ពាន់រៀលសម្រាប់ទិញស្ករគ្រាប់កុំឲ្យស៊យ ដើម្បីបញ្ចប់រឿង៕
មតិយោបល់