ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួន ក្រុមចោរប្លន់វ័យក្មេង ៥នាក់ បបួលមនុស្សគផឹកស្រាស្រវឹង រួចវាយសម្លាប់ប្លន់យកម៉ូតូ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រុមចោរប្លន់យកម៉ូតូ និងខ្សែក វ័យក្មេងចំនួន ៥នាក់ ក្នុងនោះស្រី០១នាក់ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរជំនាញព្រហ្មទណ្ឌ ចុះបង្រ្កាបដោយផ្ទាល់ ចាប់ឃាត់ខ្លួនបាននៅក្នុងភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ និងបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ​ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ ក្រោយពីមានប្រជាពលរដ្ឋប្រទះឃើញសពមនុស្សដេកស្លាប់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ក្នុងទឹកប្រ​ឡាយស្ថិតក្នុងភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ និងបានធ្វើកោសល្យវិច័យលើសាកសពសង្ស័យ មានពាក់ព័ន្ធនឹងករណីឃាតកម្ម លោកបានដាក់ផែនការស្រាវជ្រាវតាមវិធានការជំនាញរហូតកំណត់បានមុខសញ្ញាជនសង្ស័យរត់គេចខ្លួន ហើយលោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ដេញតាមប្រផាប់ចាប់ប្រភីងទៅដល់ភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយចាប់ឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម មានប្រសាសន៍បញ្ជាក់ថា៖ ជនសង្ស័យទាំង ៥នាក់៖
១/ឈ្មោះ ទិត្យ សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាជនដៃដល់។
២/ឈ្មោះ ខាន់ ស៊ីមាន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាជនដៃដល់។
៣/ឈ្មោះ ជុំ ចន្ថា ហៅសាន ម៉ៅ ភេទប្រុស អាយុ ១៥ឆ្នាំ ​នៅភូមិអូរតាគល់ ស្រុកមង្គលបូរី ឃុំគយម៉ែង ស្រុកមង្គលបូរី ជាជនដៃដល់។
៤/ឈ្មោះ សាន តេ ហៅតឹក ភេទប្រុស អាយុ ១៧ឆ្នាំ ​នៅភូមិអូរតាគល់ ឃុំគយម៉ែង ស្រុកមង្គលបូរី ជាបក្សពួក។
៥/ឈ្មោះ សួន ស្រីតី ភេទស្រី អាយុ ២២ឆ្នាំ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រពន្ធរបស់ឈ្មោះ ខាន់ ស៊ីមាន ជាបក្សពួក។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់បន្ថែមថា៖ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៥នាក់ និ​យាយថា ៖ គោលបំណងគេសម្លាប់ជនរងគ្រោះឈ្មោះ អ៊ូ គ ភេទប្រុស អាយុ ៤៨ឆ្នាំ ​នៅភូមិអូរតាម៉ា ឃុំគយមែង ស្រុកមង្គលបូរី គឺប្លន់យកម៉ូតូ និងខ្សែក ដោយស្មានថាជាខ្សែកមាស តាមពិតកាឡៃ ហើយនៅមុនពេលពួកគេធ្វើសកម្មភាពនោះ បានបបួលជនរងគ្រោះផឹកស្រាថ្នាំនៅភូមិអូរតាគល់ រហូតដល់ស្រវឹងជោគជាំរួចហើយដឹកតាមម៉ូតូយកចំណុចខាងជើងស្ពានទី៥ ផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅក្រោមដើមអាកាស្យ៉ាហើយបានជម្រុញឲ្យឈ្មោះ អ៊ូ គ ផឹកស្រាបន្ថែមទៀតរហូតដល់ទោទន់ខ្លួន ទើបធ្វើសកម្មភាពយកមែកអាកាស្យ៉ា និងក្បាលខ្សែ វាយត្រូវក្បាលនិងថ្ពាល់បន្ទាប់មកអូសទម្លាក់ក្នុងទឹកស្រះក្បែរនោះ ហើយចាប់ច្របាច់.ក ជ្រមុជក្នុងទឹករហូតដល់ស្លាប់រួចពួកគេបានអូសឡើងលើគោកយកឈ្នាន់ម៉ូតូគាស់យកធ្មេញមាសចំនួន៣ទៀត ក្រោយ​មកបានពួកគេបានដឹកសពតាមផ្លូវខ្នងលើខ្នងបារ៉ែត កាត់ភូមិសូភីឡើងផ្លូវជាតិលេខ៥៦អា យកទៅបោះចោលក្នុងទឹកប្រឡាយ ស្ថិតក្នុងភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ហើយបាននាំគ្នាជិះម៉ូតូគេចខ្លួនយកទៅលក់នៅស្រុកក្រគរ បានតម្លៃ ៣០ម៉ឺនរៀល ចំណែកខ្សែក និងធ្មេញមាស ជារបស់កាឡៃ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់បន្ថែមទៀតថា៖ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងដកហូតបានវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង៥នាក់ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

មតិយោបល់