ព័ត៌មានជាតិ

សិស្សសាលា២នាក់​ ជិះម៉ូតូលឿនពេកទៅបុករថយន្ត ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ យុវជនវ័យក្មេង២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនពេក មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តដឹកដីបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីវេលា ម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូរងគ្រោះម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-5073 ជិះគ្នា២នាក់ ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​។ ចំណែក​រថយន្ត​ម៉ាក​នីសាន់​ ពណ៌​ខៀវ​ ពាក់ស្លាកលេខ​ ចង្កូត​ស្តាំ​ បើក​បរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ។

សពឈ្មោះ ទិត្យ ប៊ុនលី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ស្លាប់ភ្លាមៗនៅកន្លែង ។និងអ្នកបើកបរ ឈ្មោះ សុខ ម៉េងសឺ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថានៅ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវបេតុងខាងលើ ពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើ បានទៅបុកជាមួយរថយន្ត ចំពីមុខ បញ្ច្រាសទិសគ្នា បណ្តាលឲ្យ អ្នកបើកបរម៉ូតូ បុកផ្ទប់កញ្ចក់រថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យភ្លាមៗ។ រីឯអ្នករួមដំណើរជិះខាងក្រោយខ្ទាតផ្លោងទៅបុកផ្ទប់លូ ដាក់នៅចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់.កស្លាប់ ភ្លាមៗនៅកន្លែង ដោយ​បែកទាំងលូផង។ ម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំកំពិតកាង និងបែកចង្កៀងភ្លើងបំភ្លឺផ្លូវអស់មួយចំហៀង។ ក្រោយពីបុក ហើយតៃកុងរថយន្តមើលសភាពមិនស្រួលបានបើកទ្វារចុះរត់បាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៏មកវាស់វែងយក ម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់